មនុស្សចាស់ជនជាតិជប៉ុនជាច្រើន ជាពិសេសមនុស្សចាស់នៅមណ្ឌលមើលថែទាំ មានអ្នកកើតជំងឺភ្លេចភ្លាំងជាច្រើន។ការយល់ដឹងទុកជាមុនអំពី៖ អ្វីជាជំងឺភ្លេចភ្លាំង? តើត្រូវដោះស្រាយយ៉ាងណាទើបល្អ? គឺមានសារៈសំខាន់ណាស់ក្នុងការមើលថែទាំ។
Contents
ជំងឺភ្លេចភ្លាំងជាអ្វី? ជាជំងឺឬយ៉ាងណា?
វាកើតឡើងដោយសារការធ្លាក់ចុះនៃមុខងារយល់ដឹង ដែលបណ្ដាលមកពីមូលហេតុផ្សេងៗដូចជា ជំងឺ ឬភាពរាំងស្ទះនៃដំណើរការខួរក្បាលជាដើម។ វាធ្វើឱ្យមានបញ្ហាកើតឡើងនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃ ដូចជាការចងចាំ ឬអាកប្បកិរិយា។ល។
តើមានអាការៈបែបណាខ្លះ?
លែងស្គាល់ឈ្មោះខ្លួនឯង លែងស្គាល់គ្រួសារ ទោះបីប្រាប់ច្រើនដងក៏ដោយ គឺភ្លេចបាត់ភ្លាមៗ។ (ភ្លេចទាំងថាបានបរិភោគអាហាររួចហើយ)
និយាយដដែលៗថាចង់ត្រឡប់ទៅផ្ទះវិញ ដើរចុះដើរឡើងនៅពេលយប់ មើលឃើញ ឬឮសំលេងអ្វីមួយដែលតាមពិតគ្មានសោះ…។ល។ គឺមានអាការៈជាច្រើនទាក់ទងនឹងការចងចាំ ឬសតិអារម្មណ៍។ ហើយអាការៈក៏ខុសប្លែកគ្នាតាមមនុស្សផងដែរ។
តើអាចព្យាបាលបានឬទេ?
គេអាចប្រើថ្នាំពន្យឺតល្បឿនវិវត្តនៃជំងឺនេះ ប៉ុន្តែវាពិបាកក្នុងការព្យាបាលឱ្យសះស្បើយទាំងស្រុងណាស់។ គឺចាំបាច់ត្រូវដោះស្រាយសម្របទៅតាមអាការៈរោគរបស់អ្នកជំងឺម្នាក់ៗ។
តើត្រូវដោះស្រាយយ៉ាងណាទើបល្អ?
ប្រសិនបើវាជាលើកដំបូងដែលអ្នកឃើញមនុស្សចាស់សួរសំណួរដដែលៗម្ដងហើយម្ដងទៀត ឬដើរចុះដើរឡើងនៅពេលយប់ អ្នកប្រហែលជាបារម្ភអំពីវិធីដោះស្រាយ។ គឺមិនថ្វីទេ គ្រប់គ្នាសុទ្ធតែមានអារម្មណ៍បែបនេះ។ សូមសួរទៅបុគ្គលិករៀមច្បងឱ្យគាត់បង្រៀន។ វាជារឿងសំខាន់ដែលត្រូវមើលនិងរៀនសូត្រពីរបៀបដោះស្រាយដោយយកចិត្តទុកដាក់។ អ្នកនឹងស៊ាំបន្តិចម្ដងៗជាមិនខាន។