នៅថ្ងៃមុនកិច្ចពិភាក្សាតុមូលដែលមានចំណងជើងថា ”ជូនចំពោះលោកអ្នកដែលគិតថាចង់ទៅធ្វើការនៅប្រទេសជប៉ុននៅពេលណាមួយ ការពិភាក្សាតុមូលដោយអារម្មណ៍ពិតអំពីការធ្វើការនៅប្រទេសជប៉ុន ដោយជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន” ត្រូវបានរៀបចំធ្វើឡើង។ នៅក្នុងវីដេអូដែលបានថតពីទិដ្ឋភាពនៃការពិភាក្សាតុមូលនោះ លោកស្រីអ៊ីតូយឺកុ មកពីមជ្ឈមណ្ឌលជំរុញការស្រាវជ្រាវឈានមុខនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហុកកៃដូ និងលោកសាស្ត្រាចារ្យរងស៊ុហ្សុគីតុស៊ីហ្វុមី មកពីសាកលវិទ្យាល័យខេត្តស៊ីហ្ស៊ុអុកាដែលជាអ្នកសម្របសម្រួល បានធ្វើការសន្ទនាជាច្រើនជាមួយជនបរទេសដែលធ្វើការនៅប្រទេសជប៉ុនដែលបានចូលរួម អំពីភាពទាក់ទាញនៃប្រទេសជប៉ុន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ល។
Contents
ភាគទី1 ភាពទាក់ទាញនៃការធ្វើការនៅប្រទេសជប៉ុន និងចំណាប់អារម្មណ៍ក្រោយចូលរួមសិក្ខាសាលារបស់ JCWG
នៅក្នុងភាគទី1 យើងបានសួរទៅជនបរទេសចំនួន 4នាក់ដែលស្នាក់នៅក្នុងប្រទេសជប៉ុន ហើយបានធ្វើជាពិធីករ/ពិធីការនីក្នុង “សិក្ខាសាលាតាមអនឡាញ Japan Care Worker Guide (JCWG)” ដែលជាសិក្ខាសាលាពន្យល់អំពីប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ ដែលបានធ្វើឡើងសម្រាប់ប្រទេសនីមួយៗចាប់ពីខែតុលា ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2022 អំពី “ភាពទាក់ទាញនៃការធ្វើការនៅប្រទេសជប៉ុន និងចំណាប់អារម្មណ៍របស់ពួកគេក្រោយចូលរួមសិក្ខាសាលារបស់ JCWG”។
អ៊ីតូ៖ នៅក្នុងភាគទី1 នៃ ”ការពិភាក្សាតុមូលដោយអារម្មណ៍ពិតអំពីការធ្វើការនៅប្រទេសជប៉ុន ដោយជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន” ខ្ញុំសូមអញ្ជើញលោកអាហ្គឹងជាជនជាតិឥណ្ឌូនេស៊ី កញ្ញាទីហ្វានីជាជនជាតិហ្វីលីពីន កញ្ញាទីលីជាជនជាតិស្រីលង្កា កញ្ញាអេនជាជនជាតិវៀតណាម ដើម្បីសាកសួរជាមួយលោកគ្រូ ស៊ុហ្សុគី មកពីសាកលវិទ្យាល័យកម្រិតបរិញ្ញាបត្ររងខេត្តស៊ីហ្ស៊ុអុកា។
អ្នកទាំង 4នាក់នេះមានជំនាញនៅប្រទេសជប៉ុនផ្សេងខុសពីការងារមើលថែទាំ ប៉ុន្តែបានធ្វើជាពិធីករ/ពិធីការនីនៅក្នុង “សិក្ខាសាលាតាមអនឡាញ Japan Care Worker Guide (JCWG)” ដែលបានរៀបចំធ្វើឡើងសម្រាប់អ្នកចូលរួមនៅបរទេស។ តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ដូចម្ដេចដែរ ដែលបានសាកល្បងធ្វើជាពិធីករ/ពិធីការនី?
លោកអាហ្គឹង(ឥណ្ឌូនេស៊ី)៖ ដោយសារវាជាបទពិសោធន៍ដំបូងរបស់ខ្ញុំ ដូច្នេះខ្ញុំមានការភ័យព្រួយជាខ្លាំង។ ជាសំណាងល្អ ដោយសារធ្វើជាភាសាកំណើតរបស់ខ្ញុំ ខ្ញុំគិតថាធ្វើបានល្អដែលអាចនិយាយបានច្រើន។
កញ្ញាទីហ្វានី(ហ្វីលីពីន)៖ ខ្ញុំមានបទពិសោធន៍ធ្វើជាពិធីការនី ប៉ុន្តែដោយសារវាជាលើកដំបូងសម្រាប់សិក្ខាសាលាតាមអនឡាញ ទោះជានិយាយជាភាសាកំណើតក៏ខ្ញុំមានការភ័យ។ ខ្ញុំមានការបារម្ភរហូតដោយខ្លាចនិយាយអ្វីមួយខុស។
អ៊ីតូ៖ នៅក្នុង “សិក្ខាសាលាតាមអនឡាញរបស់ JCWG” អ្នកទាំងអស់គ្នាបានពន្យល់អំពី “ប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់(SSW)” ទៅពួកគេ។ តើអ្នកទាំងអស់គ្នាមានស្គាល់ “ប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់” តាំងពីមុនចូលរួមសិក្ខាសាលាដែរឬទេ?
កញ្ញាអេន(វៀតណាម)៖ ដោយសារវាជាប្រព័ន្ធដែលត្រូវបានណែនាំតាមបណ្ដាញទូរទស្សន៍របស់វៀតណាម និងបណ្ដាញសង្គម SNS ខ្ញុំធ្លាប់ឮពីប្រព័ន្ធនេះ។ ខ្ញុំបានយល់ច្បាស់អំពីខ្លឹមសារលំអិតរបស់វាតាមរយៈការចូលរួមសិក្ខាសាលាលើកនេះ។
កញ្ញាទីលី(ស្រីលង្កា)៖ ខ្ញុំបានដឹងអំពីប្រព័ន្ធ “បុគ្គលិកជំនាញដែលបានបញ្ជាក់” របស់ប្រទេសជប៉ុន ប៉ុន្តែតាមដែលខ្ញុំដឹង ការប្រឡងនៅប្រទេសស្រីលង្កាគឺទើបតែបានចាប់ផ្ដើមនៅខែធ្នូ ឆ្នាំមុនប៉ុណ្ណោះ គឺទើបតែអាចណែនាំទៅដល់អ្នកនៅក្នុងស្រុកបានទេ។
ភ្លាមៗមានអ្នកដែលខ្ញុំមិនធ្លាប់ស្គាល់បានទាក់ទងមកតាមរយៈបណ្ដាញសង្គម SNS។ ពីមុនដោយសារគ្មានការរៀបចំការប្រឡងក្នុងស្រុកគឺវាមិនមែនជាប្រព័ន្ធគួរឱ្យចង់ណែនាំទៅអ្នកណាឡើយ ប៉ុន្តែបច្ចុប្បន្ននេះមានមនុស្សជាច្រើនកំពុងរៀនសូត្រអំពី “ប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់” តាមបណ្ដាញសង្គម SNS។
អ៊ីតូ៖ នៅប្រទេសជប៉ុនក្រៅពី “បុគ្គលិកជំនាញដែលបានបញ្ជាក់” គឺមានលក្ខណៈសម្បត្តិស្នាក់នៅផ្សេងៗទៀតផងដែរ។ ប្រសិនបើស្នាក់នៅធ្វើការងារមើលថែទាំ ខ្ញុំគិតថាមានមនុស្សជាច្រើន មានគោលដៅបង្កើនអាជីពឱ្យកាន់តែខ្ពស់។ តើលោកគ្រូស៊ុហ្សុគីយល់ឃើញដូចម្ដេចដែរ?
ស៊ុហ្សុគី៖ ដោយសារខ្ញុំធ្វើការទាក់ទងនឹងការបណ្ដុះបណ្ដាលអ្នកជំនាញមើលថែទាំ និងការអប់រំអ្នកមើលថែទាំគឺខ្ញុំក៏មានឱកាសបានជួបជាមួយប្អូនៗដែលប្រើប្រាស់ប្រព័ន្ធ “បុគ្គលិកជំនាញដែលបានបញ្ជាក់” ច្រើនដែរ។ សញ្ញាបត្រអ្នកជំនាញមើលថែទាំគឺជាសញ្ញាបត្រដែលទទួលស្គាល់ដោយប្រទេសជប៉ុន ដែលនៅពេលគេទទួលបានសញ្ញាបត្រនេះហើយគេអាចប្ដូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា “មើលថែទាំ” ដែលអាចឱ្យគេនៅធ្វើការបានយូរ(ក្នុងប្រទេសជប៉ុន)។ យើងរំពឹងលើការបង្កើនអាជីពរបស់ពួកគេ។
អ៊ីតូ៖ នៅក្នុងភាគទី2 យើងនឹងសាកសួរទៅប្អូនៗដែលកំពុងបម្រើការងារជាអ្នកមើលថែទាំ ដោយប្រើប្រាស់ប្រព័ន្ធ “បុគ្គលិកជំនាញដែលបានបញ្ជាក់” និង”កម្មសិក្សាជំនាញជនបរទេស” ជាដើម។ លោកអាហ្គឹងបានឃើញអំពីទិដ្ឋភាពដែលជនបរទេសទាំងនោះកំពុងបម្រើការងារនៅកន្លែងមើលថែទាំនៅក្នុងសិក្ខាសាលាតាមអនឡាញ តើលោកមានចំណាប់អារម្មណ៍ដូចម្ដេចដែរ?
លោកអាហ្គឹង(ឥណ្ឌូនេស៊ី)៖ ខ្ញុំបាននិយាយជាច្រើនជាមួយកញ្ញាអាយុដែលធ្វើការនៅកន្លែងមើលថែទាំក្នុងខេត្តអុកាយ៉ាម៉ា។ នាងបានសិក្សាភាសាជប៉ុនដោយខ្លួនឯង មិនមែននៅសាលាណាមួយទេ ហើយបានជាប់កម្រិត N2 (កម្រិតដែលអាចពិភាក្សាជាភាសាជប៉ុនបាន) នៃការប្រឡងជំនាញភាសាជប៉ុន ក្នុងរយៈពេល1ឆ្នាំ ដែលខ្ញុំគិតថាពិតជាអស្ចារ្យណាស់។ ខ្ញុំក៏ស្ងើចសរសើរផងដែរចំពោះការដែលគាត់មកប្រទេសជប៉ុនមិនត្រឹមតែដើម្បីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីគ្រួសាររបស់គាត់ផងដែរ។
អ៊ីតូ៖ នៅក្នុងភាគទី2 កញ្ញាអាយុក៏នឹងចូលរួមជាមួយយើងផងដែរ ខ្ញុំនឹងសួរនាំគាត់ជាថ្មី។ ជាបន្ត តើអ្នកទាំងអស់គ្នាអាចណែនាំពី ”ភាពទាក់ទាញនៃការធ្វើការនៅប្រទេសជប៉ុន” បានដែរឬទេ?
កញ្ញាទីហ្វានី(ហ្វីលីពីន)៖ ប្រាកដណាស់វាខុសៗគ្នាទៅតាមវិស័យនីមួយៗ ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រទេសកំណើតគឺទទួលបានប្រាក់ខែច្រើនជាង ដែលនេះជាចំណុចសំខាន់ណាស់។ ខ្ញុំគិតថាប្រសិនបើគេមិនចាយវាយហួសកម្រិត គឺគ្មានការខ្វះខាតក្នុងជីវភាពនោះទេ។ ម្យ៉ាងទៀតដោយសារបុគ្គលិកភាគច្រើននៃសហគ្រាសជប៉ុនគឺជាបុគ្គលិកទូទៅ ហេតុដូច្នេះហើយជាពិសេសបុគ្គលិកដែលទើបបញ្ចប់ពីសាលាគឺមានឱកាសច្រើនក្នុងការរៀនសូត្រអំពីជំនាញផ្សេងៗ។ ដោយសារក្នុងចន្លោះកន្លះឆ្នាំ ទៅ1ឆ្នាំគេអាចប្ដូរអង្គភាពបាន ធ្វើឱ្យងាយស្រួលក្នុងការបង្កើនអាជីព។
កញ្ញាទីលី(ស្រីលង្កា)៖ មកដល់ពេលនេះខ្ញុំបានបម្រើការងារនៅសហគ្រាសចំនួន 2កន្លែង ហើយខ្ញុំមិនបានទទួលអារម្មណ៍ថាមានការរើសអើងជនបរទេសនោះទេ ផ្ទុយទៅវិញខ្ញុំបានទទួលការជួយជ្រោមជ្រែងជាច្រើន។ ខ្ញុំគិតថាដរាបណាយើងគោរពច្បាប់ប្រទេសជប៉ុន និងរបៀបធ្វើការរបស់ប្រទេសជប៉ុន គឺនឹងមិនជួបរឿងអាក្រក់នោះទេ។ ខ្ញុំគិតថាវាជាគុណសម្បត្តិដ៏ធំដែលយើងអាចរស់នៅបានរៀងរាល់ថ្ងៃនៅប្រទេសដែលមានសុវត្ថិភាពនិងសន្តិសុខផ្លូវចិត្ត ហើយឆ្ពោះទៅរកគោលដៅបង្កើនអាជីពរបស់យើង។
កញ្ញាអេន(វៀតណាម)៖ ខ្ញុំគិតថាសង្គមជប៉ុនមានលក្ខណៈងាយស្រួលធ្វើការងារសម្រាប់ស្ត្រីណាស់។ គឺមានការគោរពច្បាប់បានល្អ ហើយប្រព័ន្ធសុខុមាលភាពរបស់ក្រុមហ៊ុនក៏មានភាពសម្បូរបែប។ ប្រព័ន្ធធានារ៉ាប់រងត្រូវបានរៀបចំស្រួលបួល ការពិនិត្យជំងឺមហារីកក៏ឥតគិតថ្លៃ។ បើប្រៀបធៀបជាមួយប្រទេសវៀតណាម ថ្ងៃឈប់សម្រាកក៏មានច្រើន ហើយក៏មានប្រព័ន្ធឈប់សម្រាកលំហែមាតុភាព និងប្រព័ន្ធឈប់សម្រាកចិញ្ចឹមកូនជាដើម។
អ៊ីតូ៖ យើងបានឮនូវសំឡេងរបស់ស្ត្រីក្នុងស្រុកថានៅមានភាពពិបាកសម្រាប់ស្ត្រីក្នុងការធ្វើការងារ ប៉ុន្តែបែរជាជនបរទេសមានអារម្មណ៍ដូច្នេះទៅវិញ។ ទោះយ៉ាងណាការផ្ដួចផ្ដើមក្នុងការរៀបចំប្រព័ន្ធដើម្បីឱ្យទាំងបុរសនិងស្ត្រីងាយស្រួលធ្វើការ គឺត្រូវតែបន្តធ្វើតទៅទៀត…។
ស៊ុហ្សុគី៖ អ្នកទាំងអស់គ្នាបាននិយាយជំនួសអំពីចំណុចទាំងឡាយដែលជនបរទេសមានការគិតព្រួយបារម្ភក្នុងការធ្វើការងារនៅប្រទេសជប៉ុន។ ចំពោះប្រាក់ខែគឺប្រាកដណាស់ ហើយចំណុចដែលជនបរទេសចង់ដឹងជាងគេបំផុតនោះគឺថាតើកន្លែងនោះងាយស្រួលធ្វើការសម្រាប់ជនបរទេសឬទេ។ ប្រទេសជប៉ុនកំពុងតែយកចិត្តទុកដាក់លើ ”គន្លងអាជីព” ដូចជាការអប់រំបណ្ដុះបណ្ដាលបុគ្គលិក ប៉ុន្តែវានៅពាក់កណ្ដាលផ្លូវនៅឡើយ។ វាជាការសំខាន់ណាស់ក្នុងការបង្កើតមជ្ឈដ្ឋានងាយស្រួលធ្វើការងារសម្រាប់ជនបរទេស។
អ៊ីតូ៖ អរគុណអ្នកទាំងអស់គ្នា។ នៅក្នុងភាគទី1 ខ្ញុំបានសាកសួរអំពី “ភាពទាក់ទាញនៃការធ្វើការនៅប្រទេសជប៉ុន និងចំណាប់អារម្មណ៍ក្រោយចូលរួមសិក្ខាសាលារបស់ JCWG”។ អ្នកទាំងអស់ដែលបានចូលរួមក្នុងភាគទី1 នេះនឹងត្រឡប់មកម្ដងទៀតនៅក្នុងភាគទី3 សូមរង់ចាំទស្សនា។ ជាបន្តសូមជួបគ្នានៅក្នុងភាគទី2។
វីដេអូ ”ជូនចំពោះលោកអ្នកដែលគិតថាចង់ទៅធ្វើការនៅប្រទេសជប៉ុននៅពេលណាមួយ ការពិភាក្សាតុមូលដោយអារម្មណ៍ពិតអំពីការធ្វើការនៅប្រទេសជប៉ុន ដោយជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន”
ក្នុងអត្ថបទនេះ យើងបានលើកយកប្រធានបទមួយចំនួនដកស្រង់ចេញពីវីដេអូថតទុកនៃទិដ្ឋភាពនៃការពិភាក្សាតុមូល។ ក្រៅពីនេះ នៅក្នុងវីដេអូនេះក៏មានប្រធានបទដូចជា មូលហេតុដែលជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនបានមកប្រទេសជប៉ុន និងចំណាប់អារម្មណ៍របស់ពួកគេក្រោយមកប្រទេសជប៉ុន។ សូមទស្សនាវីដេអូពេញខាងក្រោម។
01.ភាពទាក់ទាញនៃការធ្វើការនៅប្រទេសជប៉ុន និងចំណាប់អារម្មណ៍ក្រោយចូលរួមសិក្ខាសាលារបស់ JCWG ”ជូនចំពោះលោកអ្នកដែលគិតថាចង់ទៅធ្វើការនៅប្រទេសជប៉ុននៅពេលណាមួយ ការពិភាក្សាតុមូលដោយអារម្មណ៍ពិតអំពីការធ្វើការនៅប្រទេសជប៉ុន ដោយជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន”