រីករាយជាមួយនឹងអាហារជប៉ុន

នៅពេលគេនិយាយអំពីអាហារជប៉ុន មនុស្សភាគច្រើននឹកឃើញអំពី “ស៊ូស៊ី” “រ៉ាមែន” “តេមពូរ៉ា”។ ហើយក៏មានការបារម្ភផងដែរថា នៅពេលទៅប្រទេសជប៉ុន ប្រហែលជាត្រូវហូបតែម្ហូបប្រពៃណីជប៉ុនហើយមើលទៅ។ ក្រៅពីនេះ អ្នកដែលមានប្រតិកម្មអាឡែហ្ស៊ីឬមិនអាចហូបគ្រឿងផ្សំខ្លះបានដោយមូលហេតុសាសនា ប្រហែលជាមានការបារម្ភលើការហូបចុកនៅប្រទេសជប៉ុន។ យើងបានធ្វើការសាកសួរទៅជនបរទេសដែលធ្លាប់រស់នៅប្រទេសជប៉ុន តាមរយៈការស្ទង់មតិ និងការសម្ភាសន៍អំពីការហូបចុកនៅប្រទេសជប៉ុន។

Contents

អាហារនៅប្រទេសជប៉ុនសុទ្ធតែអាហារប្រពៃណីជប៉ុនឬ?

ជនជាតិម៉ុងហ្គោលអ្នកនាង Anarbayar Renchinkhorol បានប្រាប់យើងថា៖ “អាហារនៅប្រទេសជប៉ុនមិនមែនសុទ្ធតែអាហារប្រពៃណីជប៉ុនទេ។ ខ្ញុំមិនដែលធ្លាប់បានជួបជនបរទេស ដែលមានបញ្ហារឿងហូបចុកពេលមកប្រទេសជប៉ុនទេ។ អ្នកប្រហែលជាមានអារម្មណ៍ថា នៅប្រទេសជប៉ុនគេបរិភោគត្រីច្រើន ប៉ុន្តែជាក់ស្ដែងមិនដូច្នោះឡើយ។ តាមពិតទៅ នៅពេលដើរតាមផ្លូវនៅប្រទេសជប៉ុនគឺមានភោជនីយដ្ឋានច្រើនប្រភេទ មានផ្សារម៉ាត និងផ្សារទំនើបដែលដាក់តាំងលក់នូវគ្រឿងធ្វើម្ហូបច្រើនប្រភេទ។  ខ្ញុំជឿជាក់ថាទោះជាមនុស្សមកពីប្រទេសណាលើលោកក៏ដោយ ក៏អាចរកឃើញរសជាតិដែលត្រូវមាត់ខ្លួនឯងបានដែរ។ ម្យ៉ាងទៀត ក្នុងចំណោមអាហារប្រពៃណីជប៉ុន ក៏មានមុខម្ហូបច្រើន ហើយមានរសជាតិឆ្ងាញ់ទៀតផង ដូច្នេះគួរតែសាកល្បងអោយបានច្រើន។”។

 

តើអាចរកទិញគ្រឿងធ្វើម្ហូបនៅទីណាបាន?

លោក Mani Gyawali ដែលមកពីប្រទេសនេប៉ាល់ហាក់ពេញចិត្តនឹងជីវភាពហូបចុកនៅប្រទេសជប៉ុន។ គាត់បានប្រាប់យើងថា៖ “គ្រឿងធ្វើម្ហូបជាច្រើនអាចរកទិញបាននៅផ្សារទំនើបជាដើម។ មានផ្សារទំនើបខ្លះមានលក់គ្រឿងធ្វើម្ហូបនាំមកពីបរទេសផងដែរ ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់ខ្ញុំ។ ប៉ុន្តែជាទូទៅផ្សារបិទនៅម៉ោង 20 ទៅ 21 ដូច្នេះពេលខ្លះទៅមិនទាន់ខ្ញុំរកទិញរបស់ចាំបាច់បន្តិចបន្តួចនៅផ្សារម៉ាតជាដើម។ ខ្ញុំជ្រើសរើសយកគ្រឿងធ្វើម្ហូប និងគ្រឿងទេសណាដែលធ្វើអោយមានរសជាតិដូចអាហារនៅប្រទេសកំណើត ប៉ុន្តែពេលខ្លះរកទិញនៅផ្សារទំនើបក្បែរផ្ទះមិនបាន ខ្ញុំទិញតាមវែបសាយលក់អនឡាញ។ វែបសាយលក់អនឡាញរបស់ជប៉ុនមានលក់ទំនិញរបស់ប្រទេសផ្សេងៗជាច្រើន ដែលផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ។”

 

សុជីវធម៌អាហារប្រពៃណីជប៉ុន

ដូចគ្នានឹងប្រទេសផ្សេងដែរ មានសុជីវធម៌មួយចំនួនទាក់ទងនឹងការហូបអាហារជប៉ុន។ នៅមណ្ឌលថែទាំមានមនុស្សចាស់ច្រើន ដូច្នេះការដែលដឹងអំពីសុជីវធម៌អាហារគឺមិនខាតឡើយ។

 

・ពាក្យនិយាយពេលហូបអាហារ៖ មុននឹងហូបគេលើកដៃសំពះហើយនិយាយថា៖ “អ៊ីតាដាគីម៉ាស (Itadaki masu)” ក្រោយពេលហូបរួចនិយាយថា៖ “ហ្គុឈិសូសាម៉ាដេស៊ិតាក់ (Gochiso sama deshita)”។

・របៀបកាន់ចង្កឹះ៖ ចាប់លើកឡើងដោយដៃពូកែ ហើយយកដៃម្ខាងទៀតទ្ររួចកាន់ដើម្បីចាប់។ ថ្មីៗនេះមានវីដេអូពន្យល់បង្ហាញច្រើន គេអាចស្វែងរកបានដោយបញ្ចូលពាក្យគន្លឹះ “How to use chopstics” ជាដើម។ ម្យ៉ាងទៀតការយកចង្កឹះចាក់ដោតក្នុងបាយគឺខុសនឹងសុជីវធម៌ហើយ។

・ការផ្ដល់អាហារ៖ វិធីលើកអាហារផ្ដល់នៃអាហារប្រពៃណីជប៉ុនក៏មានរបៀបរបបច្រើនដែរ។ នៅក្នុងចំណោមនោះសូមចងចាំថា មើលទៅមុខខាងឆ្វេងគឺដាក់បាយ នៅខាងស្ដាំគឺស៊ុបមិសុស៊ិរុ។ បើដាក់បញ្ច្រាស់គឺមានន័យថាដាក់សែនអោយអ្នកដែលបានស្លាប់ទៅវិញ។

ម្យ៉ាងទៀត ក៏មានរបៀបរបបខ្លះ ដែលខុសសុជីវធម៌នៅបរទេស ប៉ុន្តែនៅប្រទេសជប៉ុន បែរជាមិនខុសសុជីវធម៌ដែរ។ ឧទាហរណ៍ដូចជា ការបរិភោគ តែ ស៊ុបមិសុស៊ិរុ សូបា(Soba) រ៉ាមែន ការបរិភោគដោយធ្វើអោយលឺសំឡេងគឺមិនខុសសុជីវធម៌នៅប្រទេសជប៉ុនទេ។

សុជីវធម៌អាហារខាងលើនេះគ្រាន់តែជាការណែនាំមួយផ្នែកប៉ុណ្ណោះ។ សុជីវធម៌អាហារជប៉ុនគឺមានភាពលម្អិត ហើយមានចំនួនច្រើន មុននឹងទៅជប៉ុនគួរធ្វើការស្រាវជ្រាវទុក ហើយធ្វើការអនុវត្តដើម្បីអោយបានចាំ។

 

មិនដែលជួបបញ្ហាក្នុងការហូបចុកទាក់ទងនឹងសាសនាទេឬ?

អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ីដែលបានធ្វើការនៅមណ្ឌលថែទាំនៅខេត្ត Hyogo បានប្រាប់ថា៖ “មុនទៅប្រទេសជប៉ុន ខ្ញុំមានការបារម្ភអំពីការហូបចុក។ ដោយសារខ្ញុំជាអ្នកកាន់សាសនាឥស្លាម មានអាហារខ្លះដែលមិនអាចហូបបាន។ ខ្ញុំមានការបារម្ភមិនដឹងថាមានអាហារហាឡាលលក់ឬអត់ ហើយមិនដឹងរកទិញនៅទីណាបាន។ ប៉ុន្តែការបារម្ភនេះត្រូវបានដោះស្រាយដោយសារមានសិស្សច្បងជនជាតិឥណ្ឌូនេស៊ីដែលធ្វើការនៅប្រទេសជប៉ុន បានជួយប្រាប់ព័ត៌មានផ្សេងៗ។ នៅប្រទេសជប៉ុនមានហាងលក់អាហារហាឡាលច្រើន ហើយក៏មានហាងលក់អាហារនាំចូលផងដែរ គឺមិនសូវមានបញ្ហារឿងហូបចុកឡើយ។”។ ចំណែកលោក Mani Gyawali ជនជាតិនេប៉ាល់បាននិយាយថា៖ “មានភោជនីយដ្ឋានខ្លះ បើប្រាប់ជាមុននូវគ្រឿងផ្សំដែលមិនអាចហូបបាន នោះគេធ្វើដោយដកគ្រឿងនោះចេញអោយ។ គឺចិត្តល្អណាស់។ ប៉ុន្តែ ម៉ឺនុយនៅភោជនីយដ្ឋានអាហារប្រពៃណីជប៉ុនខ្លះជួនកាលសរសេរពិបាកយល់ ដែលធ្វើអោយមានការលំបាកក្នុងការដឹងពីលម្អិតនៃអាហារ។”

នៅឆ្នាំ 2013  “អាហារប្រពៃណីជប៉ុន” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ​យូនីស្កូក្នុងនាមជា “វប្បធម៌អាហារប្រពៃណីរបស់ប្រជាជនជប៉ុន”។ នៅពេលចាប់ផ្ដើមការរស់នៅប្រទេសជប៉ុន សូមសាកល្បងអាហារប្រពៃណីជប៉ុនអោយបានច្រើន។ ម៉ឺនុយនៅតាមភោជនីយដ្ឋានខ្លះនៅតែសរសេរអក្សរជប៉ុនសុទ្ធ ប៉ុន្តែនោះក៏អាចជួយអោយរៀនភាសាជប៉ុនបានដែរ។ ម្យ៉ាងទៀត នៅតាមខេត្តរបស់ជប៉ុនគឺមានអាហារតាមតំបន់ជាច្រើន។ សូមបន្ថែម “អាហារ” ចូលក្នុងអ្វីដែលអ្នកចង់ធ្វើនៅប្រទេសជប៉ុនមួយផង!

 

 

 

 

Scroll to Top