នៅពេលដែលអ្នកមកពីបរទេសមកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន ចំណុចដែលអ្នកទាំងអស់គ្នាបារម្ភប្រហែលជារឿងទំនាក់ទំនងជាមួយជនជាតិជប៉ុនហើយ។ នៅក្នុងការងារមើលថែទាំ ការប្រាស្រ័យទាក់ទងគឺជាកត្តាដ៏ធំមួយ។ លើកនេះយើងបានធ្វើការសម្ភាសន៍ទៅលើជនជាតិជប៉ុនដែលធ្វើការជាមួយអ្នកមើលថែទាំជនជាតិបរទេសមកពីប្រទេសនីមួយៗ។
Contents
សូមមើលរួមគ្នាជាមួយវីដេអូសម្ភាសន៍ជាក់ស្ដែង
យើងសូមណែនាំនូវកម្រងកិច្ចសម្ភាសន៍ទៅលើបុគ្គលិកជនជាតិជប៉ុនដែលធ្វើការនៅមណ្ឌល ជាមួយគ្នានឹងជនបរទេសមកពីប្រទេសនីមួយៗ។ សូមមើលរួមគ្នាជាមួយវីដេអូសម្ភាសន៍។
〇លោកស្រីយ៉ុស៊ិដាដែលធ្វើការជាមួយលោកនូល និងលោកហ្វៃសាល មកពីប្រទេសបង់ក្លាដែស នៅខេត្តតុគុស៊ិម៉ា
〇លោកស្រីអារ៉ាអ៊ិ និងលោកស្រីអ៊ីដា ដែលធ្វើការជាមួយកញ្ញាអូហ្គី និងកញ្ញាស៊ុរ៉េ មកពីប្រទេសម៉ុងហ្គោល នៅខេត្តអ៊ិបារ៉ាគិ
〇លោកស្រីគុបុតា ដែលធ្វើការជាមួយកញ្ញាស៊ិតូមិនិ និងកញ្ញាអាស៊ិនិ មកពីប្រទេសស្រីលង្កា នៅខេត្តណាហ្កាសាគិ
&
〇លោកស្រីមុរ៉ាកាមិ ដែលធ្វើការជាមួយកញ្ញាតា មកពីប្រទេសថៃ នៅខេត្តអ៊ិបារ៉ាគិ
ក្រោយពីបានធ្វើការជាមួយបុគ្គលិកជនជាតិបរទេសរួចមក សូមប្រាប់ពីចំណុចដែលមានអារម្មណ៍ថាវិជ្ជមាន។
(លោកស្រីយ៉ុស៊ិដា) ពីដំបូងគាត់មិនសូវចេះនិយាយភាសាជប៉ុន ហើយក៏មិនសូវអាចយល់បានដែរ។ ដូច្នេះហើយខ្ញុំព្យាយាមនិយាយយ៉ាងណាឱ្យពួកគាត់ងាយយល់តាមដែលអាចធ្វើបាន។ ដោយសារខ្ញុំបានធ្វើការជាមួយគាត់ដោយគិតពីសមត្ថភាពដឹកនាំរបស់ខ្ញុំផងដែរនោះ ខ្ញុំគិតថាខ្លួនឯងបានរីកចម្រើនដូចគ្នាដែរ។
(លោកស្រីអារ៉ាអ៊ិ) ពួកគាត់ទាំង 2នាក់គឺស្វាហាប់ណាស់។ ធម្មតាគាត់សើចដាក់ខ្ញុំ ហើយនៅពេលខ្ញុំណែនាំគាត់ គាត់និយាយថា៖” សុំទោស ខ្ញុំខុសហើយ!” ជាដើម គឺដោយសារមានប្រតិកម្មបែបនេះហើយ ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អក្នុងការធ្វើការជាមួយគ្នា។
(លោកស្រីអ៊ីដា) ខ្ញុំក៏ដូចគ្នា ពួកគាត់រួសរាយ ដោយសារនៅពេលចូលមកជាន់ធ្វើការគាត់និយាយថា” អរុណសួស្ដី” ដោយសំលេងស្វាហាប់ ធ្វើអោយលោកតាលោកយាយនៅក្នុងមណ្ឌលក៏ញញឹម និងចងចាំពួកគាត់ដោយគិតថា” មានមនុស្សស្វាហាប់មក” ។ គឺចំណុចរួសរាយ និងខំប្រឹងធ្វើការហ្នឹងហើយ។ ដោយសារពួកគាត់ខំប្រឹងរៀនសូត្រទោះនៅកន្លែងមើលមិនឃើញ ធ្វើឱ្យខ្ញុំគិតថាត្រូវតែខំរៀនដែរ ខ្ញុំគិតថានេះជាចំណុចល្អ។
(លោកស្រីគុបុតា) ដូចជានៅក្នុងកម្មវិធីកំសាន្តជាដើម គឺមានការផ្លាស់ប្ដូរវប្បធម៌ ហើយអ្នកស្នាក់នៅក៏ស្ដាប់ដោយមានចំណាប់អារម្មណ៍ខ្ពស់។
(លោកស្រីមុរ៉ាកាមិ) ដោយសារគាត់តែងតែរួសរាយ និងវិជ្ជមាន ធ្វើឱ្យខ្ញុំគិតថាខំប្រឹងទៅមុខដូចគ្នាដែរ។ ម្យ៉ាងទៀតដោយសារទាំងការងារ និងការរៀនសូត្រគឺគាត់ខិតខំប្រឹងប្រែងខ្លាំង ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាត្រូវតែរៀនពីគាត់។
តើបុគ្គលិកជនជាតិជប៉ុនធ្វើការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកជនបរទេសយ៉ាងដូចម្ដេច? បើមានចំណុចប្រុងប្រយ័ត្នជាដើមសូមជួយប្រាប់ផង។
(លោកស្រីយ៉ុស៊ិដា) ជាទូទៅយើងប្រាស្រ័យទាក់ទងគ្នាដោយប្រើភាសាជប៉ុន ប៉ុន្តែខ្ញុំដាក់អារម្មណ៍ក្នុងចិត្តថាលាយកាយវិការ និងភាសាអង់គ្លេសខ្លះៗ។
(លោកស្រីអ៊ីដា) ដោយសារពួកយើងចេះភាសា តែងតែចង់និយាយលឿន ប៉ុន្តែធ្វើដូច្នេះទៅមានកន្លែងខ្លះគាត់មិនអាចស្ដាប់បាន អញ្ចឹងយើងព្យាយាមនិយាយមួយៗ ដោយមើលចំភ្នែក និងមើលទឹកមុខគាត់។
(លោកស្រីអារ៉ាអ៊ិ) ដូចដែលលោកស្រីអ៊ីដាបាននិយាយអញ្ចឹង គឺត្រូវនិយាយមួយៗ ហើយដោយសារនិយាយជាឃ្លាវែងគឺមិនអាចយល់បាន ដូច្នេះខ្ញុំព្យាយាមនិយាយជាឃ្លាខ្លីៗងាយយល់ ដើម្បីអាចទាក់ទងគ្នាបាន។ ម្យ៉ាងទៀតក្នុងការប្រាស្រ័យទាក់ទងគ្នា ខ្ញុំលាយឡំនូវកាយវិការ ហើយមើលបញ្ជាក់បណ្ដើរថា “ប្រហែលជាគាត់យល់ហើយ” ។
(លោកស្រីគុបុតា) ខ្ញុំព្យាយាមនិយាយមួយៗដើម្បីឱ្យងាយស្ដាប់ ហើយចំពោះពាក្យពិបាក និងពាក្យបច្ចេកទេស គឺធ្វើការពន្យល់អោយក្បោះក្បាយឱ្យគាត់បានយល់។
(លោកស្រីមុរ៉ាកាមិ) ជាទូទៅយើងសន្ទនាជាភាសាជប៉ុន។ យើងព្យាយាមឆ្លើយតបដោយមើលប្រតិកម្មរបស់គាត់ តាមរយៈការមើលមុខថាគាត់យល់ ឬមិនយល់។ ជួនកាលសាមីខ្លួននិយាយថា” យល់” ប៉ុន្តែនៅពេលខ្លះយើងសុំឱ្យគាត់និយាយឡើងវិញ ដើម្បីបញ្ជាក់ថាគាត់យល់ ឬអត់។ ក្រៅពីនេះគឺព្យាយាមនិយាយមួយៗ ដើម្បីឱ្យសាមីខ្លួនងាយស្ដាប់បាន។
ប្រសិនបើមានសាច់រឿងគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងស្ថានភាពពេលធ្វើការរបស់ជនបរទេស ឬក្នុងពេលប្រាស្រ័យទាក់ទងធម្មតា សូមជួយប្រាប់ផង។
(លោកស្រីយ៉ុស៊ិដា) មូលដ្ឋានរបស់ពួកគាត់គឺត្រូវមើលម្ដងមួយៗហើយចងចាំ។ ខ្ញុំមានការភ្ញាក់ផ្អើលដោយសារពួកគាត់មើលហើយចងចាំបានឆាប់រហ័ស។
(លោកស្រីអារ៉ាអ៊ិ) ដូចខ្ញុំបាននិយាយក្នុងសំណួរទី១មុននេះរួចហើយ គឺអាចអរគុណបាន និងអាចសុំទោសថា” សុំទោស!” បាន។ ដោយសារមានចំណុចដូច្នេះច្រើន ទើបខ្ញុំមានអារម្មណ៍ល្អក្នុងការប្រាស្រ័យទាក់ទងជាមួយគាត់ជាប្រចាំ។ មើលទៅមាន” ចំណាប់អារម្មណ៍ល្អ” ខ្លាំង ដូច្នេះបើអាចខ្ញុំពិតជាចង់ឱ្យគាត់នៅធ្វើការរហូតមែនទែន។ ខ្ញុំមានអារម្មណ៍ល្អដែលអាចធ្វើការជាមួយគាត់បាន។
(លោកស្រីអ៊ីដា) នៅពេលនិយាយជាមួយបុគ្គលិកមណ្ឌល និងអ្នកស្នាក់នៅ គឺឮសម្លេងហ៊ោកញ្ជ្រៀវ” វ៉ា” គឺការនិយាយបានកាន់តែច្រើន ហើយស្នាមញញឹមក៏កាន់តែច្រើន។ ធ្វើឱ្យបរិយាកាសនៅកន្លែងនោះរីករាយ។
(លោកស្រីគុបុតា) ដោយសារប្រទេសស្រីលង្កាមានប្រពៃណីធ្វើសម្លការី ហើយគេបានធ្វើកម្មវិធីចម្អិនសម្លការីក្នុងកម្មវិធីកំសាន្ត យើងបានស្នើឱ្យសិក្ខាកាមធ្វើសម្លការីដាលរបស់ស្រីលង្កា ហើយឱ្យអ្នកស្នាក់នៅពិសា។ ខ្ញុំគិតថាវាជារស់ជាតិដែលជនជាតិជប៉ុនមិនធ្លាប់ពិសា ប៉ុន្តែខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងព្រោះអ្នកស្នាក់នៅបានពិសាហើយនិយាយថា” ឆ្ងាញ់” ។
(លោកស្រីមុរ៉ាកាមិ) និយាយរួមទៅគេតែងតែរួសរាយរាក់ទាក់។ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកស្នាក់នៅក៏ដូចជាពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលិក ខ្ញុំមានអារម្មណ៍ថាភាគច្រើនគេធ្វើដោយទឹកមុខញញឹម។
តើមានពាក្យ និងប្រតិកម្មពីអ្នកស្នាក់នៅមណ្ឌលទៅលើបុគ្គលិកជនជាតិបរទេសបែបណាដែរ?
(លោកស្រីយ៉ុស៊ិដា) ពួកគេចង់និយាយច្រើនដើម្បីរៀនភាសាជប៉ុន។ ពួកគេដូចជាសប្បាយចិត្តនៅពេលនិយាយជាមួយអ្នកស្នាក់នៅ និងបុគ្គលិកទាំងអស់គ្នា។ ហើយក៏មានប្រតិកម្មពីអ្នកស្នាក់នៅថា និយាយគ្នាទៅសប្បាយចិត្តផងដែរ។
(លោកស្រីអ៊ីដា) គឺមានមតិស្មោះត្រង់ដូចជា” រួសរាយណាស់” ” ភាសាជប៉ុនពូកែណាស់” ” ខំប្រឹងណាស់”។
(លោកស្រីអារ៉ាអ៊ិ) ចាស។ ដោយសារតែអ្នកស្នាក់នៅមើលមកក៏ឃើញថា” ខំប្រឹង” ដែរ ដូច្នេះខ្ញុំគិតថា ប្រហែលជាកញ្ញាអូហ្គី និងកញ្ញាស៊ុរ៉េក៏ដឹងខ្លួនឯងដែរថាពួកគេត្រូវបានអ្នកស្នាក់នៅវាយតំលៃថា” ខំប្រឹង” ។
(លោកស្រីគុបុតា) ពីដំបូងមានអ្នកស្នាក់នៅខ្លះមានអារម្មណ៍ថាខា្លច ប៉ុន្តែនៅពេលដែលសិក្ខាកាមប្រាស្រ័យទាក់ទងយ៉ាងទន់ភ្លន់ ឥឡូវនេះមានអ្នកស្នាក់នៅខ្លះរង់ចាំចង់ឃើញគេមកធ្វើការក៏មានដែរ។
(លោកស្រីមុរ៉ាកាមិ) គឺគ្មានការស្អប់ ឬការមិនពេញចិត្តទាល់តែសោះ។ ដោយសារគេប្រាស្រ័យទាក់ទងដោយរួសរាយ និងយកចិត្តទុកដាក់ ខ្ញុំគិតថាអ្នកទាំងអស់គ្នាស្ងប់ចិត្តដូចបុគ្គលិកជនជាតិជប៉ុនដែរ។