បទពិសោធន៍ជាក់ស្ដែង និងដំបូន្មានពីអ្នកដែលធ្លាប់បានធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន

បច្ចុប្បន្ននេះ នៅមណ្ឌលមើលថែទាំនៅតំបន់នានាក្នុងប្រទេសជប៉ុន មានអ្នកមើលថែទាំដែលមកពីបរទេសជាច្រើនកំពុងធ្វើការ។ តើការធ្វើការងារនៅក្នុងបរិស្ថានថ្មី ដោយប្រើភាសាផ្សេងនោះយ៉ាងដូចម្ដេចដែរ? ជាក់ស្ដែង យើងធ្វើការស្វែងយល់តាមរយៈការស្ទង់មតិ និងការសម្ភាសន៍ជាមួយជនបរទេស ដែលធ្លាប់បានធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន។ ម្យ៉ាងទៀត ក៏មានដំបូន្មានពីអ្នកធ្លាប់ឆ្លងកាត់រួច ទៅដល់អ្នកទាំងឡាយណាដែលកំពុងពិចារណាចង់ទៅប្រទេសជប៉ុននៅថ្ងៃមុខផងដែរ។ លោកអ្នកដែលមានចំណាប់អារម្មណ៍ ចង់ធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន សូមប្រើប្រាស់ជាព័ត៌មានយោង។

Contents

តើមានព្រឹត្តិការណ៍អ្វីដែលដែលដក់ជាប់ក្នុងចិត្តខ្លាំងជាងគេបំផុត នៅពេលធ្វើការជាអ្នកមើលថែទាំ?

ការងាររបស់អ្នកមើលថែទាំ គឺផ្ដល់ជំនួយក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សចាស់ជរា និងជនពិការ គឺជាការងារសំខាន់ដែលមានទំនួលខុសត្រូវខ្ពស់។ នៅក្នុងនោះ គេអាចបង្កើតនូវអនុស្សាវរីយ៍ជាច្រើន តាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកស្នាក់នៅ និងកម្មវិធីនៅក្នុងមណ្ឌល។ល។

នៅពេលធ្វើការងារជាអ្នកមើលថែទាំ តើអាចបង្កើតអនុស្សាវរីយ៍អ្វីបានខ្លះ? ដំបូង យើងបានសាកសួរអំពីពេលវេលាសប្បាយ ដែលបានដក់ជាប់ក្នុងការចងចាំរបស់គេ។
・”ពេលវេលាសប្បាយដែលដក់ជាប់ក្នុងចិត្ត គឺម៉ោងអាហារសម្រន់ពេលរសៀល។ នៅពេលនោះ អ្នកស្នាក់នៅមកជួបជុំគ្នានៅសាល ហើយពិសាអាហារសម្រន់បណ្ដើរ និយាយគ្នាជាមួយអ្នកមើលថែទាំ ច្រៀងចម្រៀងបណ្ដើរ ឬលេងហ្គេមជាដើម។ នៅពេលដែលឃើញមនុស្សចាស់ទាំងអស់សើច និងសប្បាយចិត្ត ធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយចិត្តតាមដែរ។ ម្យ៉ាងទៀត អ្នកមើលថែទាំដែលតែងតែមមាញឹក ក៏អាចចំណាយពេលបន្ធូរអារម្មណ៍នៅពេលនេះបានដែរ។” (លោក Albert Fernandez ជនជាតិហ្វីលីពីន ដែលធ្វើការនៅមណ្ឌលនៅខេត្ត Okayama)
・”នៅក្នុងកម្មវិធីរបស់មណ្ឌល ខ្ញុំបានធ្វើហ្វឺលក់។ ពេលនោះ លក់ដាច់ខ្លាំង ប្រហែល១ម៉ោង ខ្ញុំបានលក់អស់។ ខ្ញុំនៅចាំបានថា នៅពេលនោះអ្នកស្នាក់នៅនិងគ្រួសាររបស់គេបានសរសើរថា៖ ”ឆ្ងាញ់ណាស់!” ធ្វើអោយខ្ញុំសប្បាយចិត្ត។ ហើយខ្ញុំក៏នៅតែចងចាំ កាលដែលបានរាំបែបប្រពៃណីជប៉ុនជាមួយមនុស្សចាស់ និងបុគ្គលិកទាំងអស់។ ជាលើកដំបូង ដែលខ្ញុំរាំបែបនោះ គឺរាំមិនសូវបានល្អទេ ប៉ុន្តែពេលនោះសប្បាយណាស់។” (អ្នកនាង HOANG THI NGOC ANH ជនជាតិវៀតណាមធ្វើការនៅមណ្ឌលមើលថែទាំនៅខេត្ត Hyogo)

បន្ទាប់មកទៀត យើងបានសាកសួរអំពីចំណុចភ្ញាក់ផ្អើល នៅពេលចាប់ផ្ដើមធ្វើការងារមើលថែទាំនៅជប៉ុនដំបូង។
・”នៅពេលដែលខ្ញុំធ្វើការវេនយប់ មានមនុស្សចាស់ដើរចុះដើរឡើង ក្នុងមណ្ឌលនៅកណ្ដាលអាធ្រាត ដំបូងខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។” (លោក Albert Fernandez ជនជាតិហ្វីលីពីន ដែលធ្វើការនៅមណ្ឌលនៅខេត្ត Okayama)
・”អ្វីដែលខ្ញុំភ្ញាក់ផ្អើល ពេលធ្វើការជាអ្នកមើលថែទាំគឺ ការមើលថែទាំពេលងូតទឹក។ ចំពោះការមើលថែទាំនៅពេលបរិភោគអាហារ នៅពេលបញ្ចេញចោល នៅពេលឡើងចុះពីកៅអីរុញជាដើម គឺដូចការគិតទុករបស់ខ្ញុំ ប៉ុន្តែនៅប្រទេសជប៉ុន នៅពេលងូតទឹកក៏ធ្វើការមើលថែទាំដែរ។” (អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ី)
・”គឺធ្មេញដាក់! នៅប្រទេសជប៉ុន មានមនុស្សចាស់ដែលប្រើធ្មេញដាក់។ កាលនៅប្រទេសកំណើត ខ្ញុំមិនសូវឃើញមានធ្មេញដាក់ ដូច្នេះហើយ ខ្ញុំភ្ញាក់ផ្អើលនៅពេលសុខៗឃើញធ្មេញចេញពីក្នុងមាត់មក!” (អ្នកនាង HOANG THI NGOC ANH ជនជាតិវៀតណាម)

 

ចំណុចដែលចាប់អារម្មណ៍ ថាខ្លួនឯងរីកចម្រើនដោយសារការធ្វើការជាអ្នកមើលថែទាំ នៅប្រទេសជប៉ុនមានអ្វីខ្លះ?

តាមរយៈការមើលថែទាំមនុស្សចាស់ និងជនពិការ ហាក់ធ្វើអោយមានការប្រែប្រួលនូវរបៀបគិត និងរបៀបទាក់ទងជាមួយមនុស្សចាស់។ ម្យ៉ាងទៀត ក៏មានអ្នកខ្លះ ធ្វើការអនុវត្តនូវជំនាញមើលថែទាំ ដែលបានរៀននៅប្រទេសជប៉ុន ក្រោយត្រឡប់ទៅប្រទេសខ្លួនវិញផងដែរ។ ការរៀនជំនាញភាសា និងបទពិសោធន៍ការងារមើលថែទាំ នៅក្នុងបរិស្ថានខុសពីកន្លែងដែលខ្លួនបានធំធាត់ ហាក់ជះឥទ្ធិពលដល់ការងារ និងជីវិតក្រោយៗមកទៀតក្នុងរូបភាពផ្សេងៗ។
・”ទោះក្លាយជាមនុស្សចាស់ជរា ឬជនពិការក៏ដោយ ក៏ត្រូវគោរពគេដែរ។ ខ្ញុំបានរៀនសូត្រនូវសារៈសំខាន់នៃការជួយធ្វើយ៉ាងណាអោយអ្នកស្នាក់នៅជួយខ្លួនឯងអោយបានជាអតិបរមា គឺមិនមែនអ្វីៗចេះតែជួយគ្រប់យ៉ាងនោះទេ។”
・”មីងខ្ញុំចាប់ផ្តើមពិការមួយចំហៀងខ្លួន ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវការមើលថែទាំ។ នៅពេលនោះ ខ្ញុំអាចបង្រៀនពីរបៀបមើលថែទាំ ដែលខ្ញុំបានរៀននៅប្រទេសជប៉ុនទៅអោយក្រុមគ្រួសារសាច់ញាតិរបស់ខ្ញុំ។”
・”ខ្ញុំអាចធ្វើការមើលថែទាំម្ដាយមីងរបស់ខ្ញុំ ដែលមានជំងឺភ្លេចភ្លាំង។ អ្វីៗដែលខ្ញុំបានរៀននៅប្រទេសជប៉ុន គឺមានប្រយោជន៍ទាំងអស់។ ជាពិសេស គឺការមើលថែទាំពេលងូតទឹក ការមើលថែទាំនៅពេលបរិភោគអាហារ ការផ្លាស់កន្ទប។ល។”
・”ខ្ញុំបានដឹងពីសារៈសំខាន់នៃកាប្រាស្រ័យទាក់ទង។ ខ្ញុំបានក្លាយជាមនុស្សដែលអាចស្ដាប់សម្ដីគេនិយាយបានច្រើនជាងមុន។”
・”ខ្ញុំក្លាយជាមនុស្សដែលអាចធ្វើការវិនិច្ឆ័យបានដោយមិនស្លន់ស្លោ ទោះជាមានអ្វីកើតឡើងក៏ដោយ។ ហើយចេះគិតបានថាខ្លួនឯងខុសឬត្រូវ មុននឹងខឹងអ្នកដទៃ។”

 

ដំបូន្មានពីអ្នកដែលធ្លាប់បានធ្វើការងារជាអ្នកមើលថែទាំ ទៅដល់អ្នកដែលចង់ទៅធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន ចាប់ពីពេលនេះតទៅ

ការទៅនៅកន្លែងថ្មីដែលខ្លួនមិនស៊ាំ ប្រើប្រាស់ភាសាដែលខ្លួនមិនស៊ាំជាមួយ ដើម្បីចាប់ផ្ដើមធ្វើការងារជាអ្នកមើលថែទាំដំបូង ដូច្នេះគឺជួបបញ្ហាប្រឈមជារៀងរាល់ថ្ងៃ។ មានអ្នកខ្លះកើតជំងឺនឹកផ្ទះ ដោយសារឃ្លាតឆ្ងាយពីគ្រួសារ ឬមានស្ត្រេសច្រើនដោយសារការងារ ភាសា ការរៀនសូត្រ។ល។ ទោះជានៅក្នុងស្ថានភាពបែបនោះក៏ដោយ ក៏មានមនុស្សជាច្រើនសប្បាយនឹងជីវិតរស់នៅប្រទេសជប៉ុន ដោយរកឃើញនូវរឿងសប្បាយ ដូចជាអាហារជប៉ុន វប្បធម៌ជប៉ុន។ នេះគឺជាដំបូន្មានពីអ្នកដែលធ្លាប់បានធ្វើការងារជាអ្នកមើលថែទាំ ទៅដល់អ្នកដែលចង់ទៅធ្វើការងារមើលថែទាំ នៅប្រទេសជប៉ុនចាប់ពីពេលនេះតទៅ។ សូមប្រើប្រាស់ជាព័ត៌មានយោង។

・”មុនទៅប្រទេសជប៉ុន គួរតែរៀនភាសាជប៉ុនអោយបានច្រើនល្អជាង។ នៅពេលដែលចេះភាសាជប៉ុនច្រើន ក៏មានរឿងគួរអោយសប្បាយច្រើនដែរ។ សូមខិតខំប្រឹងប្រែងរៀនសូត្រ។”
・”គួរតែយកចិត្តទុកដាក់រៀនអំពីវប្បធម៌ជប៉ុន និងភាសាជប៉ុនអោយបានច្រើន។ ដំបូង ប្រហែលជាមានការលំបាក ប៉ុន្តែនៅពេលដែលអាចធ្វើការប្រាស្រ័យទាក់ទងបាន ជីវភាពរស់នៅប្រទេសជប៉ុនមិនសូវជាលំបាកប៉ុន្មានទេ។”
・”វាជាការសំខាន់ណាស់ក្នុងការដើរលេងលំហែអារម្មណ៍អោយបានច្រើន (ទៅមើលកុន ទៅមើលផ្កា) នៅថ្ងៃសម្រាក។”
・”ប្រទេសជប៉ុន ជាប្រទេសដែលប្រកាន់ច្បាប់ទម្លាប់ច្រើន។ គួរតែប្រមូលព័ត៌មានទុកជាមុន និងរៀនម្ដងមួយៗនៅពេលទៅប្រទេសជប៉ុន។”
・”នៅប៉ុន្មានខែក្រោយពីចាប់ផ្ដើមការងារ គឺមានអាការៈនឹកផ្ទះ។ ពេលនោះ ខ្ញុំគិតឡើងវិញអំពីគោលបំណងទៅប្រទេសជប៉ុន ហើយធ្វើការលើកទឹកចិត្តខ្លួនឯង ដើម្បីបន្ធូរអាការៈនឹកផ្ទះ។ ពេលដំបូងប្រហែលជាមានការលំបាក ប៉ុន្តែក្រោយពេលស៊ាំនឹងជីវភាពនៅប្រទេសជប៉ុនហើយ ការរស់នៅប្រទេសជប៉ុនពិតជាសប្បាយណាស់។”
・”នៅពេលនៅប្រទេសជប៉ុន គឺមិនអាចជួបគ្រួសារបាន ប៉ុន្តែនៅប្រទេសជប៉ុនមានប្រព័ន្ធ WiFi ល្អច្រើនដែលអាចធ្វើវីដេអូខលជាមួយគ្រួសារបាន ដូច្នេះគ្មានអ្វីបារម្ភទេ។ ម្យ៉ាងទៀត ប្រសិនបើមានជនបរទេស នៅធ្វើការនៅមណ្ឌលជាមួយគ្នា នោះគឺជិតស្និទ្ធដូចគ្រួសារអញ្ចឹង។”

 

 

 

 

 

Scroll to Top