នៅពេលដែលអ្នកមកពីបរទេសមកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន ចំណុចដែលអ្នកទាំងអស់គ្នាបារម្ភប្រហែលជារឿងទំនាក់ទំនងជាមួយជនជាតិជប៉ុនហើយ។ លើកនេះយើងបានធ្វើការសម្ភាសន៍ទៅលើជនជាតិជប៉ុនដែលធ្វើការជាមួយអ្នកមើលថែទាំជនជាតិបរទេសមកពីប្រទេសនីមួយៗ។ យើងបានឮនូវមតិសប្បាយចិត្តពីក្រុមការងារធ្វើការជាមួយគ្នា ដូចជាមតិរបស់និយោជកដែលជួលជនបរទេសធ្វើការថា៖ បរិយាកាសកន្លែងធ្វើការមានភាពសប្បាយជាងមុន សាមគ្គីភាពរបស់បុគ្គលិកបានល្អជាងមុនជាដើម។
Contents
សូមមើលរួមគ្នាជាមួយវីដេអូសម្ភាសន៍ជាក់ស្ដែង
លើកនេះយើងសូមណែនាំនូវកម្រងកិច្ចសម្ភាសន៍ទៅលើបុគ្គលិកជនជាតិជប៉ុនដែលធ្វើការនៅមណ្ឌលជាមួយគ្នានឹងជនបរទេសមកពីប្រទេសនីមួយៗ។ សូមមើលរួមគ្នាជាមួយវីដេអូសម្ភាសន៍។
〇លោកស្រីអ៊ីហ្ស៊ុមីដែលធ្វើការជាមួយកញ្ញាអាយុ មកពីប្រទេសឥណ្ឌូនេស៊ី នៅខេត្តអុកាយ៉ាម៉ា
〇លោកអ៊ុជិដែលធ្វើការជាមួយកញ្ញាលីន និងកញ្ញាហួយ មកពីប្រទេសវៀតណាម នៅហុកកៃដូ
〇លោកស្រីអុហ្គុរ៉ាដែលធ្វើការជាមួយកញ្ញាមឿន និងលោករី មកពីប្រទេសកម្ពុជា នៅហុកកៃដូ
〇លោកគីណុស៊ីតាដែលធ្វើការជាមួយកញ្ញាស្តេឡា និងកញ្ញាឡាវើលី មកពីប្រទេសហ្វីលីពីន នៅខេត្តណាហ្កាណុ
ក្រោយពីបានធ្វើការជាមួយបុគ្គលិកជនជាតិបរទេសរួចមក សូមប្រាប់ពីចំណុចដែលមានអារម្មណ៍ថាវិជ្ជមាន។
(លោកស្រីអ៊ីហ្ស៊ុមី) ខាងអ្នកបង្រៀនអាចត្រឡប់ទៅរកប្រភពដើមវិញបាន។ គឺត្រង់កន្លែងដែលឃើញឥរិយាបថខំប្រឹងធ្វើការ និងខ្នះខ្នែងចង់រៀនរបស់គេ ធ្វើឱ្យយើងគិតថាយើងត្រូវតែខំប្រឹងដែរ។
(លោកអ៊ុជិ) កម្លាំងចិត្តក្នុងការធ្វើការងារ អាកប្បកិរិយា និងឥរិយាបថក្នុងការខ្នះខ្នែងខំប្រឹងរៀនសូត្ររបស់គេ ជះឥទ្ធិពលវិជ្ជមានទៅលើបុគ្គលិកជនជាតិជប៉ុន ហើយក៏នាំទៅរកការជំរុញឱ្យខិតខំផងដែរ។
(លោកស្រីអុហ្គុរ៉ា) ខ្ញុំគិតថាវាធ្វើឱ្យមានការច្នៃប្រឌិតក្នុងការឆ្លើយតបឱ្យងាយយល់។
(លោកគីណុស៊ីតា) យើងកម្រមានឱកាសបានរៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស ហេតុដូច្នេះហើយពេលដែលយើងអាចសួរដោយមិនទើសទាល់បានថា”ភាសាជប៉ុននេះបើនិយាយជាអង់គ្លេសថាម៉េច?” ហើយបានទទួលចម្លើយនោះគឺវាពិសេសណាស់។ ភាសាជប៉ុនគាត់ក៏ពូកែ ក៏អាចធ្វើឱ្យយើងរៀនបានខ្លះៗដែរ។
តើបុគ្គលិកជនជាតិជប៉ុនធ្វើការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកជនបរទេសយ៉ាងដូចម្ដេច? បើមានចំណុចប្រុងប្រយ័ត្នជាដើមសូមជួយប្រាប់ផង។
(លោកស្រីអ៊ីហ្ស៊ុមី) យើងព្យាយាមគិតក្នុងចិត្តថានិយាយដោយប្រើភាសាជប៉ុនងាយយល់។ យើងក៏ប្រើកាយវិការ រូបភាព ភាសាអង់គ្លេសផងដែរ។ យើងព្យាយាមនិយាយមួយៗ។
(លោកអ៊ុជិ) យើងព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់ និងនិយាយមួយៗ ដោយមិនភ្លេចញញឹម។
(លោកស្រីអុហ្គុរ៉ា) ខ្ញុំគិតថាគេមានឱកាសជជែកគ្នានិងយល់ពីគ្នាទៅវិញទៅមក ដោយសួរថា”តើនៅកម្ពុជាយ៉ាងណាដែរ?” ទាក់ទងនឹងព្រឹត្តិការណ៍និងប្រធានបទនៅពេលនោះ។
(លោកគីណុស៊ីតា) ចំណុចដែលខ្ញុំប្រុងប្រយ័ត្នគឺព្យាយាមកុំប្រើអក្សរកាន់ជិនៅពេលប្រាប់ដោយសរសេរ បើជាភាសាជប៉ុនគឺព្យាយាមប្រាប់ដោយប្រើអក្សរហ៊ីរ៉ាហ្កាណា និងអក្សរកាតាកាណា។ នៅក្នុងការប្រាស្រ័យទាក់ទងដោយសន្ទនាគឺគ្មានបញ្ហាអ្វីទេ ដោយសារពួកគាត់អាចទំនាក់ទំនងជាមួយយើងជាជនជាតិជប៉ុនបានធម្មតា គឺគ្មានការប្រុងប្រយ័ត្នពិសេសទេ។
ប្រសិនបើមានសាច់រឿងគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងស្ថានភាពពេលធ្វើការរបស់ជនបរទេស ឬក្នុងពេលប្រាស្រ័យទាក់ទងធម្មតា សូមជួយប្រាប់ផង។
(លោកស្រីអ៊ីហ្ស៊ុមី) ទិដ្ឋភាពដែលគេមកពីបរទេសមិនសូវចេះភាសាជប៉ុន ហើយខំប្រឹងនិយាយទៅរកអ្នកស្នាក់នៅ និងឥរិយាបថខ្នះខ្នែងខំប្រឹងធ្វើការដោយខ្លួនឯងគឺគួរឱ្យសរសើរ។ ឥរិយាបថចង់ដឹងវប្បធម៌ជប៉ុន ដូចជាស្លៀកពាក់សម្លៀកបំពាក់យូកាតាជប៉ុន ហើយសប្បាយចិត្តគឺគួរឱ្យចាប់អារម្មណ៍។
(លោកអ៊ុជិ) ទោះបីក្រោមក្រសែភ្នែកយើងជាជនជាតិជប៉ុនក៏ដោយ ទិដ្ឋភាពដែលគេអង្គុយជាមួយអ្នកស្នាក់នៅលើសាឡុងញ៉ាំតែ ឬនិយាយគ្នាគឺជាទិដ្ឋភាពដ៏កក់ក្ដៅ។ គឺដូចជាយាយនិងចៅកំពុងនិយាយគ្នាយ៉ាងសប្បាយរីករាយ។
(លោកស្រីអុហ្គុរ៉ា) គឺការធ្វើពិធីជប់លៀងរាំរបាំប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍កម្មវិធីខែ5។ អ្នកទាំងអស់គ្នាក៏សប្បាយរីករាយ ហើយគាត់ក៏ទទួលបានទំនុកចិត្តផងដែរថាអាចធ្វើអ្វីមួយបាន។
(លោកគីណុស៊ីតា) ខ្ញុំមានចំណាប់អារម្មណ៍ថាគាត់តែងតែញញឹមរួសរាយ អាចប្រាស្រ័យទាក់ទងជាមួយអ្នកស្នាក់នៅបានយ៉ាងទន់ភ្លន់។ មិនត្រឹមតែជាមួយអ្នកស្នាក់នៅទេ ជាមួយយើងក៏គេប្រាស្រ័យទាក់ទងដោយទន់ភ្លន់ដូចគ្នា ហើយខ្ញុំតែងសរសើរដែលគាត់អាចធ្វើបានយ៉ាងទន់ភ្លន់ដូច្នេះ។ ម្យ៉ាងទៀតទោះក្នុងស្ថានភាពលំបាកយ៉ាងណាគាត់មិនបង្ហាញទឹកមុខលំបាក ហើយយើងឃើញថាគាត់ខំប្រឹងធ្វើ ចំណុចនេះគឺខ្ញុំអាចរៀនសូត្រតាមបាន។
តើមានពាក្យ និងប្រតិកម្មពីអ្នកស្នាក់នៅមណ្ឌលទៅលើបុគ្គលិកជនជាតិបរទេសបែបណាដែរ?
(លោកស្រីអ៊ីហ្ស៊ុមី) ពីដំបូងមើលទៅដូចជាពិបាកចាំឈ្មោះនិងមុខ ប៉ុន្តែនៅពេលចាំហើយ អ្នកស្នាក់នៅខ្លះហៅឈ្មោះ ហើយពឹងពាក់ផងដែរ។ ប្រហែលជាឥរិយាបថខំប្រឹងធ្វើការនោះមើលទៅគួរឱ្យស្រលាញ់ហើយ។
(លោកអ៊ុជិ) យោងលើទិដ្ឋភាពខំប្រឹងធ្វើការរបស់គេ ខ្ញុំឮពាក្យរបស់អ្នកស្នាក់នៅដូចជាថា៖ ”ខំប្រឹងធ្វើការណាស់” “ពិតជាប្រឹងប្រែងណាស់” “ស្នាមញញឹមល្អណាស់” ។ល។
(លោកស្រីអុហ្គុរ៉ា) ខ្ញុំគិតថាប្រហែលជាមានអារម្មណ៍ថារួសរាយដូចជាចៅរបស់ខ្លួន។ គឺ“មេនកុយនេ”។ (“មេនកុយ” គឺជាភាសាតំបន់ហុកកៃដូដែលមានន័យថាគួរឱ្យស្រលាញ់)
(លោកគីណុស៊ីតា) គឺគ្មានប្រតិកម្មមិនល្អអ្វីទេ។ គឺដូចជាប្រាស្រ័យទាក់ទងជាមួយមនុស្សស្រីជនជាតិជប៉ុនដែរ មានអារម្មណ៍ថាគេចាត់ទុកគាត់ជាបុគ្គលិករបស់យើងម្នាក់។