មនុស្សចាស់ជរា និងជនពិការដែលត្រូវការការមើលថែទាំភាគច្រើន ចេះនិយាយតែភាសាជប៉ុនប៉ុណ្ណោះ។ ម្យ៉ាងទៀត ឯកសារដែលត្រូវប្រើក្នុងការងារស្ទើរតែទាំងអស់ត្រូវបានសរសេរជាភាសាជប៉ុន។ ការធ្វើការងារដំបូងជាអ្នកមើលថែទាំ និងត្រូវធ្វើជាភាសាបរទេស នៅប្រទេសជប៉ុនប្រហែលជាមានអ្នកខ្លះ មានការបារម្ភហើយ។ ហេតុដូច្នេះហើយ យើងបានធ្វើការសាកសួរទៅជនបរទេស ដែលធ្លាប់ធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន តាមរយៈការស្ទង់មតិ និងការសម្ភាសន៍ អំពីកម្រិតភាសាជប៉ុន ដែលត្រូវការចាំបាច់សម្រាប់ធ្វើការងារជាអ្នកមើលថែទាំ។
Contents
តើត្រូវការភាសាជប៉ុនកម្រិតណា ដើម្បីធ្វើការងារជាអ្នកមើលថែទាំ?
បុគ្គលិកធ្វើការនៅមណ្ឌលមើលថែទាំ ភាគច្រើនជាជនជាតិជប៉ុន ហើយដោយសាររបាយការណ៍នៅពេលប្ដូរវេន ក៏ប្រើពាក្យបច្ចេកទេសជប៉ុនច្រើន សមត្ថភាពភាសាជប៉ុនគឺសំខាន់ណាស់។ ម្យ៉ាងទៀត អ្នកដែលត្រូវការការមើលថែទាំ គឺភាគច្រើនជាមនុស្សចាស់ដែលមានភាគតិចចេះភាសាអង់គ្លេសជាដើម ហេតុដូច្នេះហើយ បើគ្មានជំនាញភាសាជប៉ុនទេ គឺមិនអាចធ្វើការទំនាក់ទំនងបានឡើយ។
ជនជាតិវៀតណាមអ្នកនាង HOANG THI NGOC ANH បាននិយាយថា៖ “ខ្ញុំនិយាយជាមួយបុគ្គលិកជនជាតិជប៉ុននៅមណ្ឌលជាភាសាជប៉ុន។ កាន់តែរៀនភាសាជប៉ុន គឺកាន់តែគួរអោយចាប់អារម្មណ៍។ នៅពេលអានឃ្លាពន្យល់អំពីការងារ ខ្ញុំប្រើវចនានុក្រម និងឧបករណ៍ជំនួយបកប្រែ។ អ្វីដែលខ្ញុំប្រើញឹកញាប់គឺ App (កម្មវិធី) វចនានុក្រមក្នុងទូរស័ព្ទចល័ត។ នៅពេលដែលស្ដាប់មិនយល់ពីអី្វដែលមនុស្សចាស់និយាយ ខ្ញុំបានសុំអោយគាត់និយាយម្ដងទៀត ដោយប្រើពាក្យងាយស្រួលយល់ ឬបានអោយបុគ្គលិកផ្សេងទៀតជួយ។”។ ក្នុងករណីមកធ្វើការងារមើលថែទាំនៅជប៉ុន ជំនាញភាសាជប៉ុន គឺជាកត្តាមួយសំខាន់ណាស់។ វាជាការសំខាន់ណាស់ ដែលត្រូវរៀនអោយបានច្រើនទុកជាមុន។
តើបានរៀនភាសាជប៉ុនរយៈពេលប៉ុន្មានមុនមកប្រទេសជប៉ុន?
យើងបានដឹងហើយថា ការមកធ្វើការនៅប្រទេសជប៉ុនជាអ្នកមើលថែទាំ ការប្រាស្រ័យទាក់ទងជាភាសាជប៉ុនគឺសំខាន់ណាស់ តើអ្នកដែលមកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនដំបូង បានរៀនត្រៀមភាសាជប៉ុនរយៈពេលប៉ុន្មានដែរ? រយៈពេលសិក្សាហាក់ដូចជាមានភាពខុសៗគ្នាតាមមនុស្សម្នាក់ៗ ប៉ុន្តែ ការរៀនត្រៀមភាសាជប៉ុនដោយយកចិត្តទុកដាក់ខ្លាំងនោះ ភាគច្រើនគឺមុនមកជប៉ុនកន្លះឆ្នាំទៅ1ឆ្នាំ។ ទោះបីយ៉ាងណាក្ដី ការប្រឡងសមត្ថភាពភាសាជប៉ុនមិនជាប់ ក៏មានករណីខ្លះ មិនអាចធ្វើការនៅប្រទេសជប៉ុនបានដែរ ហេតុដូច្នេះហើយ វាជាការល្អក្នុងការរៀនអោយស៊ាំនឹងភាសាជប៉ុន ចាប់ពីថ្ងៃដែលអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើការងារមើលថែទាំ នៅប្រទេសជប៉ុនតទៅ។
តើត្រូវការរយៈពេលប៉ុន្មានក្រោយមកប្រទេសជប៉ុនដើម្បីស៊ាំជាមួយភាសា?
អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ីបានប្រាប់យើងថា៖ “នៅពេលខ្ញុំចាប់ផ្ដើមធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនដំបូង មានពាក្យខ្លះដែលខ្ញុំមិនយល់។ ពេលដំបូងខ្ញុំមានការខ្លាចចិត្ត ទោះមានចំណុចខ្លះមិនយល់ ប៉ុន្តែខ្ញុំមិនហ៊ានប្រាប់ថាមិនយល់ គឺសើចបន្លប់ធ្វើហាក់ដូចជាយល់។ ប៉ុន្តែក្នុងករណី ដែលរឿងនោះទាក់ទងជាមួយការងារ ដោយសារវាជារឿងសំខាន់អាចប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សចាស់ ខ្ញុំបានសួរបុគ្គលិកផ្សេងអោយជួយពន្យល់អោយបានច្បាស់។”។ ចំណែកលោក Albert Fernandez ជនជាតិហ្វីលីពីនបានប្រាប់យើងថា៖ “នៅពេលខ្ញុំមកដល់ជប៉ុន3ខែដំបូង ខ្ញុំមិនសូវចេះភាសាជប៉ុនទេ។ ពេលនោះ ខ្ញុំអាចសរសេរឃ្លាខ្លីៗងាយៗបាន ប៉ុន្តែមិនទាន់អាចនិយាយបានទេ។ ប្រហែលជាអាចនិយាយបានខ្លះក៏មិនដឹង ប៉ុន្តែដោយសារគ្មានទំនុកចិត្ត ទើបខ្ញុំមិនបាននិយាយ។ ម្យ៉ាងទៀត ខ្ញុំបានរៀនតាមរយៈការធ្វើការងារនូវពាក្យសំខាន់ៗជាច្រើន ដែលខ្ញុំមិនបានរៀននៅពេលដែលខ្ញុំកំពុងរៀនភាសាជប៉ុន។”។
រយៈពេលដែលមនុស្សម្នាក់ៗស៊ាំជាមួយនឹងភាសាជប៉ុនគឺខុសៗគ្នា ប៉ុន្តែជាទូទៅ ចំពោះមនុស្សភាគច្រើន រយៈពេលប្រហែល3ទៅ6ខែដំបូង គឺជាពេលពិបាក ហើយក្រោយមកចាប់ផ្ដើមស៊ាំបន្តិចម្ដងៗ។ នៅគ្រាដំបូង ប្រហែលជាមានការតឹងតែងផ្លូវចិត្តព្រោះនៅប្រទេសគេផង ប៉ុន្តែដោយសារជនជាតិជប៉ុនមានអ្នកចិត្តល្អច្រើន បើមានអ្វីមិនយល់ សូមអ្នកកុំរួញរាក្នុងការសួរសំណួរអោយបានច្រើន ហើយស៊ាំជាមួយភាសា។
ចំណុចលំបាកនៃភាសាជប៉ុន
តើជនបរទេសគិតថា ចំណុចត្រង់ណានៃភាសាជប៉ុន (អាន សរសេរ ស្ដាប់) ដែលមានភាពលំបាកជាងគេ។ នៅពេលដែលយើងធ្វើការសម្ភាសន៍ជាមួយអ្នកដែលធ្លាប់ធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន យើងបានដឹងពីចំណុចគួរអោយចាប់អារម្មណ៍មួយ។ គឺក្នុងចំណោមភាពលំបាកទាំងនោះ មាន “គ្រាមភាសា” ដែលត្រូវបានលើកឡើង។ តាមពិតទៅ ប្រទេសជប៉ុន គឺជាកោះលាតត្រដាងយ៉ាងវែងពីជើងទៅត្បូង ហើយមានគ្រាមភាសាជាច្រើន និងកំពុងត្រូវបានប្រើទោះនៅពេលបច្ចុប្បន្នក៏ដោយ។ ដូចអ្នកទាំងអស់គ្នាបានដឹងច្បាស់ពីតំបន់ “Kyoto” និង “Osaka” ក៏មានគ្រាមភាសាដែរ។ ក្នុងចំណោមចម្លើយ នៅក្នុងការស្ទង់មតិមានដូចជា៖
・“គឺគ្រាមភាសាតំបន់ Kansai។ ខ្ញុំបានធ្វើការនៅមណ្ឌលនៅតំបន់ Kobe ហើយទាំងបុគ្គលិកទាំងអ្នកស្នាក់នៅបានប្រើគ្រាមភាសាច្រើន ដំបូងៗខ្ញុំមិនបានយល់អំពីអ្វីដែលគេនិយាយឡើយ។”
・“ដោយសារទាំងបុគ្គលិក ទាំងអ្នកស្នាក់នៅបាននិយាយគ្រាមភាសាតំបន់ Okayama ខ្ញុំមិនបានយល់ពីអ្វីដែលគេនិយាយនោះទេ។ គឺលំបាកណាស់។ ខ្ញុំបានសុំអោយអ្នកមើលថែទាំ ដែលមកពីប្រទេសជាមួយខ្ញុំជួយ។”
ចំពោះភាសាជប៉ុនស្តង់ដារ នៅពេលដែលមានចំណុចដែលគេអាន ឬសរសេរមិនបាន មានមនុស្សជាច្រើនប្រើប្រាស់ App (កម្មវិធី) ក្នុងស្មាតហ្វូនដើម្បីស្រាវជ្រាវ។ ប្រហែលជាជញ្ជាំងនៃភាសាកាន់តែទាបទៅ ដោយសារការវិវត្តនៃបច្ចេកវិទ្យា។
វិធីសាស្ត្ររៀនភាសាជប៉ុន
យើងបានទទួលនូវដំបូន្មានពីជនជាតិបរទេស ដែលធ្លាប់ធ្វើជាអ្នកមើលថែទាំនៅប្រទេសជប៉ុនដូចខាងក្រោម។ សូមប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀនភាសាជប៉ុនរបស់អ្នក។
・“ព្យាយាមនិយាយពីខ្លួនឯង។ សូមកុំគិតពីវេយ្យាករណ៍ “កុំគិតរឿងត្រូវធ្វើដូចម្ដេចនៅពេលនិយាយខុស?” ខំប្រឹងនិយាយអោយបានច្រើន។ ចំពោះអ្នកដែលមានចំណាប់អារម្មណ៍លើ Manga (សៀវភៅរឿងមានគំនូរ) ឬភាពយន្តគំនូរជីវចល វាជាការល្អក្នុងការអាន Manga រួចមើលភាពយន្តគំនូរជីវចលរឿងដដែល។ ខ្ញុំគិតថា ក្រោយពេលអាន Manga រួចធ្វើអោយមានភាពងាយយល់នូវខ្លឹមសារនៃសាច់រឿងរបស់ភាពយន្តគំនូរជីវចល។ ភាពយន្តសម្រាប់កុមារីក៏ល្អដែរ។ ពីព្រោះថា ដោយសារមានពាក្យដែលប្រើក្នុងការសន្ទនាប្រចាំថ្ងៃច្រើន ធ្វើអោយយើងអាចនិយាយភាសាជប៉ុនបានដោយរលូន (នៅក្នុងភាសាជប៉ុនមានរបៀបនិយាយបែបស្ត្រី និងរបៀបនិយាយបែបបុរស)។ នៅក្នុងវគ្គសិក្សា មានការរៀននូវវេយ្យាករណ៍ និងពាក្យភាសាជប៉ុន ប៉ុន្តែរៀនបែបតាមសៀវភៅ គឺត្រូវការពេលវេលាវែងទើបអាចប្រើប្រាស់ដោយរលូនបាន។” (អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ី)
・“មានវិធីកែច្នៃ និងគន្លឹះក្នុងការធ្វើអោយភាសាជប៉ុនឆាប់រីកចម្រើន។ គឺធ្វើយ៉ាងណាអោយភាសាជប៉ុនចូលត្រចៀករៀងរាល់ថ្ងៃ។ យើងស្ដាប់ដោយត្រចៀក និងធ្វើមាត់ត្រាប់តាមនូវ ព័ត៌មានNHK ភាពយន្តគំនូរជីវចល ចម្រៀងជប៉ុន រឿងភាគជប៉ុន ប្រសិនបើ មានពាក្យមិនចេះធ្វើការកត់ត្រាទុកហើយចងចាំ។ ភាសាជប៉ុនដែលបានរៀនមុនមកប្រទេសជប៉ុន និងភាសាជប៉ុនដែលប្រើប្រាស់ជាក់ស្ដែង ក្នុងការងារគឺមានភាពខុសគ្នា។ ប្រសិនបើ យើងធ្វើការកត់សម្គាល់ និងរៀននូវពាក្យប្រើក្នុងជីវភាពប្រចាំថ្ងៃ និងពាក្យប្រើក្នុងការងារមើលថែទាំ វានឹងមានប្រយោជន៍នៅពេលចាប់ផ្ដើមធ្វើការងារ។” (អ្នកនាង HOANG THI NGOC ANH ជនជាតិវៀតណាម)