ប្រការដែលត្រូវគិត និងរៀបចំមុនទៅប្រទេសជប៉ុន

នៅពេលដែលអ្នកសម្រេចចិត្តថា៖ “ទៅធ្វើការនៅប្រទេសជប៉ុនសាកមើល” គឺត្រូវធ្វើការត្រៀមរៀបចំនូវរឿងជាច្រើន រួមទាំងការរៀនភាសាជប៉ុនផង។ ដោយសារត្រូវទៅប្រទេសជប៉ុន ដែលនៅឆ្ងាយពីប្រទេសរបស់ខ្លួន ហើយត្រូវធ្វើការនៅទីនោះផង គឺត្រូវត្រៀមរៀបចំដោយប្រុងប្រយ័ត្ន និងត្រូវការការយល់ព្រមពីគ្រួសារផងដែរ។ ម្យ៉ាងទៀត ការទៅធ្វើការនៅបរិស្ថានថ្មី និងប្រើភាសាផ្សេង ក៏ជាមូលហេតុនាំអោយមានការបារម្ភផងដែរ។ យើងបានធ្វើការសាកសួរទៅជនបរទេស ដែលធ្លាប់ធ្វើការជាអ្នកមើលថែទាំនៅប្រទេសជប៉ុន តាមរយៈការស្ទង់មតិ និងការសម្ភាសន៍ អំពីហេតុផលដែលធ្វើអោយគេជ្រើសរើសយកការងារមើលថែទាំ អំពីការត្រៀមរៀបចំជាមុន អំពីដំណោះស្រាយលើរឿងដែលមានការព្រួយបារម្ភ។ល។

Contents

ហេតុអ្វីបានជាជ្រើសរើសយកការងារមើលថែទាំនៅប្រទេសជប៉ុន[1]?

មនុស្សម្នាក់ៗហាក់មានមូលហេតុផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា មានអ្នកខ្លះមានបំណងចង់ទៅជប៉ុនតាំងពីក្មេងមក មានអ្នកខ្លះធ្លាប់មានបទពិសោធន៍ជាគិលានុបដ្ឋាយិកា ហើយគិតថាចង់រៀនសូត្រអំពីការថែទាំជំងឺភ្លេចភ្លាំង មានអ្នកខ្លះធ្លាប់ឮថាជនជាតិជប៉ុនហ្មត់ចត់ហើយគិតថាចង់ធ្វើការជាមួយ។ល។ យើងបានធ្វើការសាកសួរទៅជនបរទេស ដែលធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនថា៖ “ហេតុអ្វីបានជាជ្រើសរើសធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន?”។

・“នៅពេលគិតអំពីថ្ងៃអនាគតនៅពេលដែលឪពុកម្ដាយរបស់ខ្ញុំត្រូវការការមើលថែទាំ ខ្ញុំបានគិតថាចង់រៀនសូត្រអំពីការមើលថែទាំរបស់ជប៉ុនអោយបានត្រឹមត្រូវសាកមើល។ ខ្ញុំគិតថាការងារមើលថែទាំ គឺជាការងារពិសេសដែលអាច “សន្សំបុណ្យ” បាន។” (ឈ្មោះM ជនជាតិភូមា)
・“កាលខ្ញុំនៅរៀនបឋមសិក្សា ខ្ញុំតែងតែសប្បាយនឹងការទៅលេងសួនកំសាន្ត ដែលធ្វើឡើងដោយជនជាតិជប៉ុន ហើយក៏មានគំនិតមួយថា៖ “ចង់ទៅមើលប្រទេសជប៉ុនដែលអាចធ្វើសួនកំសាន្តបែបនេះបាន”។ ក្រោយមក ខ្ញុំបានសិក្សានៅសកលវិទ្យាល័យ ហើយយកបាននូវសញ្ញាបត្រគិលានុបដ្ឋាយិកា។ ដោយមានការណែនាំពីគ្រូនៅសកលវិទ្យាល័យនោះ ខ្ញុំបានដឹងថាអាចធ្វើការងារមើលថែទាំនៅប្រទេសជប៉ុនបាន ហើយគិតថាវាជាឱកាស។” (ឈ្មោះN ជនជាតិឥណ្ឌូនេស៊ី)
・“ខ្ញុំបានគិតថា ចង់ធ្វើការដើម្បីគ្រួសារ ប៉ុន្តែនៅពេលនោះ នៅប្រទេសហ្វីលីពីនមិនសូវមានការងារធ្វើ ទើបខ្ញុំចង់ទៅធ្វើការនៅបរទេស។ ខ្ញុំបានឮថាការងារមើលថែទាំនៅប្រទេសជប៉ុន គឺមានលក្ខណៈផ្ចិតផ្ចង់ និងមានបច្ចេកទេសខ្ពស់ ទើបខ្ញុំគិតថាចង់រៀនសូត្រ។” (ឈ្មោះJ ជនជាតិហ្វីលីពីន)
・“ខ្ញុំបានធ្វើការជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យនៅប្រទេសរបស់ខ្ញុំ។ ខ្ញុំចូលចិត្តមនុស្សចាស់ខ្លាំងណាស់ ហើយខ្ញុំបានមកប្រទេសជប៉ុន ព្រោះចង់រៀនពីរបៀបថែទាំជំងឺភ្លេចភ្លាំង។” (ឈ្មោះP ជនជាតិឥណ្ឌូនេស៊ី)

[1] 三菱UFJリサーチ&コンサルティング株式会社 「外国人介護職員の受入れと活躍支援に関するガイドブック」Mitsubishi UFJ Research & Consulting Co.,Ltd. “Guidebook for Accepting and Supporting Foreign Care Workers”

 

ការប្រមូលព័ត៌មាននៅប្រទេសរបស់ខ្លួនយ៉ាងណា?

អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ីបានប្រាប់យើងថា៖ “នៅពេលដែលធ្វើខ្ញុំការមើលថែទាំដោយការទៅសួរសុខទុក្ខ កាលនៅរៀនសកលវិទ្យាល័យ ខ្ញុំបានទទួលព័ត៌មានពីគ្រួសារដែលខ្ញុំទៅមើលថែទាំដល់ផ្ទះអំពីការងារមើលថែទាំនៅប្រទេសជប៉ុន។ នៅពេលនោះ ខ្ញុំបានធ្វើការស្រាវជ្រាវលម្អិតអំពីការងារមើលថែទាំនៅប្រទេសជប៉ុនតាមអ៊ីនធឺណេត។”។ ក្រៅពីនេះ ក៏មានការប្រមូលព័ត៌មានពីប្រភពផ្សេងៗ អំពីការងារមើលថែទាំនៅប្រទេសជប៉ុនផងដែរដូចជា៖ “ខ្ញុំបានដឹងអំពីការងារមើលថែទាំ តាមរយៈការអាននូវសេចក្ដីប្រកាសព័ត៌មាននៅក្នុងគេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន” “ខ្ញុំបានឮអំពីការងារមើលថែទាំនៅប្រទេសជប៉ុនពីមិត្តរួមការងារនៅក្រុមហ៊ុន” ។ល។ ក្រៅពីនេះ ក៏មានកម្មវិធីពន្យល់ដោយផ្ទាល់ និងសិក្ខាសាលាតាមអនឡាញជាដើម នៅតាមប្រទេសនីមួយៗផងដែរ ហេតុដូច្នេះ លោកអ្នកដែលមានចំណាប់អារម្មណ៍សូមធ្វើការស្រាវជ្រាវសាកមើលតាមអ៊ីនធឺណេត។ ចាប់ពីចុងឆ្នាំ2020 ដល់ពាក់កណ្ដាលឆ្នាំ 2021 មានការបើកកម្មវិធីសិក្ខាសាលាតាមអនឡាញ។ ប្រជាជននៃប្រទេសនីមួយៗ ក្នុងចំណោមប្រទេស ឥណ្ឌូនេស៊ី ភូមា ម៉ុងហ្គោល នេប៉ាល់ កម្ពុជា សូមពិនិត្យមើលនូវសេចក្ដីលម្អិតនៅទីនេះ (តំណភា្ជប់)។

 

រយៈពេលត្រៀមរៀបចំមុនចេញទៅប្រទេសជប៉ុនប៉ុន្មាន?

មនុស្សភាគច្រើនចំណាយពេលពី 1ឆ្នាំ ទៅ 1ឆ្នាំកន្លះមុនទៅប្រទេសជប៉ុន រាប់ចាប់ពីថ្ងៃដែលគេធ្វើការសម្រេចចិត្តថា៖ ”ទៅជប៉ុន” ”ទៅធ្វើការងារមើលថែទាំ”។ ប៉ុន្តែ រយៈពេលត្រៀមក៏ខុសៗគ្នាដែរទៅតាមកម្រិតនៃសមត្ថភាពភាសាជប៉ុន និងកម្រិតនៃចំណាប់អារម្មណ៍លើការងារមើលថែទាំ។ ម្យ៉ាងទៀត ការយល់ព្រមពីគ្រួសារ និងការរកបាន ឬមិនបាននូវមណ្ឌលដែលទទួលយកធ្វើការ ក៏ជាកត្តាដែលជះឥទ្ធិពលលើរយៈពេលត្រៀមផងដែរ។ អ្នកនាង HOANG THI NGOC ANH ជនជាតិវៀតណាមបានប្រាប់យើងថា៖ ”ខ្ញុំបានសម្រេចចិត្តធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន នៅពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ ចាប់ពីពេលនោះមក ខ្ញុំចំណាយពេលប្រហែល1ឆ្នាំកន្លះមុនពេលមកប្រទេសជប៉ុន។”។
ម្យ៉ាងទៀត ប្រការដែលមិនគួរភ្លេចក្នុងការត្រៀមមុនទៅប្រទេសជប៉ុនគឺ ការជ្រើសរើសកន្លែងស្នាក់នៅ។ អ្នកនាង Hoang បានប្រាប់ថា៖ ”ចំពោះកន្លែងស្នាក់នៅនៅប្រទេសជប៉ុន ខ្ញុំបានសម្រេចក្រោយពិគ្រោះជាមួយមនុស្សក្នុងមណ្ឌល ដែលទទួលខ្ញុំអោយធ្វើការ។ ខ្លឹមសារនៃការពិគ្រោះគឺ អំពីថ្លៃឈ្នួលផ្ទះនៅកន្លែងដែលចង់ស្នាក់នៅ ស្នាក់នៅម្នាក់ឯងឬ2នាក់ នៅជិតមណ្ឌល ឬឆ្ងាយពីមណ្ឌល ទៅធ្វើការដោយថ្មើរជើង ឬដោយជិះកង់ សុវត្ថិភាពនៅជុំវិញផ្ទះជួល។ល។”។

 

ការយល់ព្រមពីគ្រួសារក៏សំខាន់ដែរ

អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ីបានប្រាប់យើងថាអាចធ្វើការងារមើលថែទាំ ដោយសារមានការលើកទឹកចិត្តពីគ្រួសារផងដែរ៖ “គ្មានសមាជិកគ្រួសារណាម្នាក់ មិនយល់ស្របក្នុងការទៅប្រទេសជប៉ុនរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ បានលើកទឹកចិត្តអោយខំប្រឹងប្រែងនៅប្រទេសជប៉ុន។ អ្វីដែលជាការគាំទ្រខ្លាំងបំផុតនោះគឺ ពាក្យលើកទឹកចិត្តដ៏សប្បុរសពីឪពុកម្ដាយរបស់ខ្ញុំថា៖ ”មិនបាច់បារម្ភពីគ្រួសារទេ គិតតែខំប្រឹងធ្វើការអោយបានល្អនៅប្រទេសជប៉ុនទៅ។ យើងនឹងគាំទ្រជានិច្ច។”។”។
ផ្ទុយទៅវិញក្នុងករណីខ្លះ ក៏ត្រូវការបញ្ចុះបញ្ចូលឪពុកម្ដាយផងដែរ។ លោក Albert Fernandez ជនជាតិហ្វីលីពីនបានប្រាប់យើងថា៖ ”ឪពុកម្ដាយខ្ញុំដំបូងមិនយល់ស្របនឹងគំនិតរបស់ខ្ញុំ ដែលចង់ទៅធ្វើការជាអ្នកមើលថែទាំនៅប្រទេសជប៉ុនទេ។ ខ្ញុំគិតថាពេលនោះ ឪពុកម្ដាយរបស់ខ្ញុំមិនបានយល់អំពីការងារជាអ្នកមើលថែទាំនោះទេ។ ឬប្រហែលជាពួកគាត់បានគិតថាមិនគួរធ្វើការងារជាអ្នកមើលថែទាំនោះទេ គួរតែធ្វើជាគិលានុបដ្ឋាយិកាវិញក៏មិនដឹង។ ខ្ញុំបានចំណាយពេលវេលាដើម្បីបញ្ចុះបញ្ចូលពួកគាត់ ហើយចុងក្រោយ ពួកគាត់បានគាំទ្រដល់ខ្ញុំ។”។

 

ចំណុចព្រួយបារម្ភមុនទៅប្រទេសជប៉ុនមានអ្វីខ្លះ?

អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ីបាននិយាយថា៖ ”គឺជីវភាពរស់នៅប្រទេសជប៉ុន។ ដោយសារតែខ្ញុំកាន់សាសនាឥស្លាម គឺមានរបស់ខ្លះដែលហូបមិនបាន។ គឺមានការព្រួយបារម្ភមិនដឹងថាអាចទិញអាហារហាឡាលនៅផ្សារទំនើបក្បែរផ្ទះជាដើមបានឬអត់។”។ ចំពោះការបារម្ភអំពីរឿងនៅជប៉ុន អ្នកទាំងអស់គ្នាដោះស្រាយបានជាមុន តាមរយៈការពិគ្រោះជាមួយអ្នកមើលថែទាំ ដែលជាសិស្សច្បងធ្វើការនៅប្រទេសជប៉ុន ឬតាមរយៈការទទួលព័ត៌មានពីមនុស្សដែលធ្វើការនៅមណ្ឌលដែលត្រូវទៅធ្វើការ។ លើសពីនេះ នៅពេលជិតដល់ថ្ងៃចាកចេញពីប្រទេស ការផ្ដល់ព័ត៌មានជាដើម ជាភាសាជប៉ុនកាន់តែមានច្រើនឡើងធ្វើអោយមានការបារម្ភអំពីភាសាផងដែរ។ យើងបានទទួលយោបល់ថា៖ ”រឿងដែលខ្ញុំព្រួយបារម្ភ គឺសមត្ថភាពភាសាជប៉ុន។ ដោយសារខ្ញុំគិតថា បើមិនចេះភាសាជប៉ុនច្បាស់ គឺមិនអាចធ្វើអ្វីបានឡើយ ទើបខិតខំរៀនយ៉ាងខ្លាំង។”
ប្រសិនបើមានការព្រួយបារម្ភអំពីម្ហូបអាហារ អំពីសាសនា ឬទំនៀមទម្លាប់រស់នៅជាដើម សូមកុំរួញរាក្នុងការពិគ្រោះជាមួយមនុស្សពាក់ព័ន្ធផ្សេងៗ ទើបអាចរកដំណោះស្រាយបាន។

 

 

 

 

Scroll to Top