គន្លឹះសម្រាប់ការរស់នៅប្រទេសជប៉ុន

ក្រោយពេលសម្រេចចិត្តថាទៅធ្វើការងារថែទាំនៅប្រទេសជប៉ុន ប្រហែលជាត្រូវរវល់ក្នុងការត្រៀមរៀបចំដើម្បីរៀនសូត្រ និងធ្វើការ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវការប្រមូលព័ត៌មានអំពីការរស់នៅប្រទេសជប៉ុន។ វាប្រហែលជាមានភាពខុសគ្នាខ្លះៗទៅតាមខេត្តក្រុងដែលអ្នកត្រូវធ្វើការ ប៉ុន្តែ យើងសូមផ្ដល់នូវចំណុចគន្លឹះខ្លះៗអំពីជីវភាពរស់នៅប្រទេសជប៉ុន តាមរយៈការស្ទង់មតិ និងការសម្ភាសន៍ជាមួយជនបរទេសដែលធ្លាប់ធើ្វការនៅប្រទេសជប៉ុន។ សូមប្រើប្រាស់វាជាព័ត៌មានមួយផ្នែកសម្រាប់ជាជំនួយ កុំអោយជួបបញ្ហាដោះស្រាយមិនបាននៅពេលទៅរស់នៅប្រទេសជប៉ុន។

Contents

ដើម្បីកុំអោយនឹកផ្ទះ

ការទៅរស់នៅក្នុងបរិស្ថានថ្មី ហើយត្រូវប្រើភាសាជប៉ុន និងចាប់ផ្ដើមការងារព្រមទាំងជីវភាពថ្មី ធ្វើអោយអ្នកខ្លះមានអាការៈនឹកផ្ទះ។ តើជនបរទេសដែលធ្វើការនៅប្រទេសជប៉ុន ធ្វើដូចម្ដេចដើម្បីជម្នះលើការនឹកផ្ទះទៅ?
ជនជាតិនេប៉ាល់ដែលបានទៅធ្វើការនៅប្រទេសជប៉ុន លោក Mani Gyawali បានប្រាប់យើងដូច្នេះថា៖ “ពេលដំបូងខ្ញុំក៏មានអាការៈនឹកផ្ទះដែរ ប៉ុន្តែដោយមានជំនួយពីមិត្តភក្ដិ មិត្តរួមការងារ និងគ្រូបង្រៀនភាសា ធ្វើអោយខ្ញុំឆាប់ស៊ាំជាមួយនឹងសង្គមជប៉ុន។ ពេលនោះខ្ញុំតែងតែធ្វើការទាក់ទងជាមួយគ្រួសារនៅប្រទេសកំណើតតាមរយៈទូរស័ព្ទ និងកម្មវិធី (App) សម្រាប់និយាយទូរស័ព្ទដោយឥតគិតថ្លៃជាដើម។ ហើយខ្ញុំក៏បានទាក់ទងដោយវីដេអូខលផងដែរ ដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន។”។ ចំណែកអ្នកនាង Anarbayar Renchinkhorol ជនជាតិម៉ុងហ្គោលបានផ្ដល់ដំបូន្មានថា៖ “នៅពេលខ្ញុំទៅភោជនីយដ្ឋានអាហារម៉ុងហ្គោល រសជាតិនៃអាហារ ការសន្ទនានៃមនុស្សម្នាជាដើម ធ្វើអោយមានអារម្មណ៍ថាដូចជានៅប្រទេសរបស់ខ្លួន។ វាប្រហែលជាការល្អក្នុងការទៅភោជនីយដ្ឋានលក់អាហារប្រទេសរបស់ខ្លួនម្ដងម្កាល។”។

ម្យ៉ាងទៀត នៅពេលដែលអ្នកនឹកផ្ទះខ្លាំង ឬពិបាកផ្លូវចិត្តខ្លាំង អ្នកអាចប្រើសេវាពិគ្រោះយោបល់ដោយឥតគិតថ្លៃបាន។ មានអ្នកខ្លះបានប្រាប់យើងថា៖ “នៅពេលនឹកផ្ទះ ឬមិនអាចពិគ្រោះជាមួយអ្នកណាបាន ខ្ញុំធ្លាប់ប្រើសេវាពិគ្រោះយោបល់ ទោះបីវាជាភាសាអង់គ្លេស។”
សម្រាប់ជាព័ត៌មានដល់អ្នក គឺមានសេវាបែបនេះផងដែរ។

Helpline for foreign languages
tell

 

ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅ

ប្រទេសជប៉ុនមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទោះជានៅតាមខេត្តក៏ដោយ។ ភ្លើង ហ្គាស ទឹកស្អាត គឺអាចប្រើប្រាស់បានស្ទើរតែនៅគ្រប់កន្លែង ទោះបីជារស់នៅទីណាក៏ដោយ។ លោក Mani Gyawali ជនជាតិនេប៉ាល់បាននិយាយថា៖ “នៅប្រទេសកំណើតរបស់ខ្ញុំ គឺមិនអាចប្រើប្រាស់ទឹកស្អាតបានដោយគ្មានការបារម្ភដូចនៅប្រទេសជប៉ុនឡើយ។ ទឹកស្អាតនៅប្រទេសជប៉ុនគឺស្អាតខ្លាំងណាស់ ហើយអាចហូបបានដោយមិនបាច់បារម្ភ។ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅគ្រប់គ្រាន់ គឺអាចរស់នៅបានប្រកបដោយសុភមង្គល និងគ្មានការបារម្ភអ្វីឡើយ។”។ ចំណែកអ្នកនាង Annie ជនជាតិហ្វីលីពីនបាននិយាយថា៖ “មធ្យោបាយធ្វើដំណើរនៅប្រទេសជប៉ុនមានភាពសម្បូរបែប មានសុវត្ថិភាព និងងាយស្រួលប្រើណាស់។”។ ចំពោះហ្គាសវិញប្រហែលជាមានជនជាតិខ្លះមិនស៊ាំក្នុងការប្រើហ្គាស ប៉ុន្តែគ្រាន់តែអានសៀវភៅណែនាំអំពីរបៀបប្រើជាដើម គឺអាចប្រើប្រាស់បានដោយគ្មានការបារម្ភអ្វីឡើយ។
ទាក់ទងនឹងប្រព័ន្ធទំនាក់ទំនងវិញ ក៏មានការគ្របដណ្ដប់ស្ទើរតែពេញប្រទេសជប៉ុន។ សេវារបស់ទូរស័ព្ទចល័ត គឺមានស្ទើរតែគ្រប់កន្លែង ប្រសិនបើមិនទៅក្នុងព្រៃជ្រៅនោះទេ។ ប៉ុន្តែជនបរទេសដែលមកប្រទេសជប៉ុន ហាក់មានអារម្មណ៍ថាថ្លៃសេវាទំនាក់ទំនងរាងថ្លៃបន្តិច។ យើងក៏ទទួលបានការផ្ដល់យោបល់ថា៖ “អ្វីដែលគួរអោយកត់សំគាល់ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅ គឺថ្លៃសេវាទូរស័ព្ទក្រុមហ៊ុនធំៗមានតម្លៃថ្លៃ ហើយមានចំនួនកំណត់លើបរិមាណ Data ប្រើប្រាស់។”។

 

អំពីប្រាក់និងកាតសន្សំពិន្ទុ (Point Card)

អ្នកនាង Anarbayar Renchinkhorol ជនជាតិម៉ុងហ្គោលបានប្រាប់យើងថា៖ “និយាយតាមពិតទៅ ការដកប្រាក់និងការផ្ទេរប្រាក់នៅប្រទេសម៉ុងហ្គោល គឺមានភាពងាយស្រួលជាង។ ធនាគារនៅប្រទេសជប៉ុនគឺត្រូវរង់ចាំយូរ ហើយការដកប្រាក់តាម ATM មានករណីខ្លះត្រូវអស់ថ្លៃសេវា ហើយថ្លៃសេវានោះទៀតក៏ប្រែប្រួលទៅតាមម៉ោង និងតាមថ្ងៃផងដែរ។”។ ជាមួយនឹងការកើនឡើងនៃសេវាកម្មធនាគារចល័ត (Mobile Banking) នៅប្រទេសជប៉ុន គឺលែងសូវចាំបាច់ទៅធនាគារនិងតម្រង់ជួរដូចមុនទៀតហើយ ប៉ុន្តែថ្លៃសេវាធនាគាហាក់ដូចជាមានករណីនៅតែអាចខ្ពស់ជាងប្រទេសដទៃទៀត។ ក្រៅពី Mobile Banking មានការទូទាត់តាមកាត IC និងតាមទូរស័ព្ទកាន់តែច្រើនឡើងៗ ហើយសេវាកម្មផ្សេងៗទាក់ទងនឹងប្រាក់ គឺកាន់តែមានភាពងាយស្រួល។

ក្រៅពីនេះ នៅប្រទេសជប៉ុនគេក៏ប្រើប្រាស់កាតសន្សំពិន្ទុ (Point Card) ជាទូទៅផងដែរ។ គេអាចសន្សំពិន្ទុនៅតាមហាង ភោជនីយដ្ឋាន ផ្សារម៉ាត និងប្រើប្រាស់ជាប្រយោជន៍។ យើងក៏បានទទួលយោបល់ថា៖ “ខ្ញុំបានប្រើ Point Card ផ្សេងៗសម្រាប់ការទិញទំនិញនៅផ្សារម៉ាត និងផ្សារទំនើបជាដើម ធ្វើអោយខ្ញុំទទួលបានប្រយោជន៍លើតម្លៃទំនិញ។”។

 

 

ផ្សារម៉ាត (Convenience Store)

នៅពេលរស់នៅប្រទេសជប៉ុន អ្វីដែលត្រូវប្រើចាំបាច់មិនអាចខ្វះបាននោះគឺ ផ្សារម៉ាត (Convenience Store)។ គេអាចនិយាយបានថា ទោះទៅដល់ទីណានៅក្នុងប្រទេសជប៉ុនក៏មានផ្សារម៉ាតដែរ។ អ្នកនាង Annie ជនជាតិហ្វីលីពីនបានប្រាប់យើងថា៖ “មុនពេលមានការរីករាលដាលនៃជំងឺ COVID-19 ខ្ញុំទៅផ្សារម៉ាតជាមធ្យម 3ដងក្នុង១សប្ដាហ៍។ គ្រឿងធ្វើម្ហូបគឺខ្ញុំទិញនៅផ្សារទំនើបតាមដែលអាចធ្វើទៅបាន ចំពោះគ្រឿងផ្សំដែលភ្លេចទិញ ឬនៅពេលមិនចង់ធ្វើអាហារខ្លួនឯង គឺខ្ញុំទិញបាយកញ្ចប់នៅផ្សារម៉ាត។ ម្យ៉ាងទៀត នៅផ្សារម៉ាតគេអាចប្រើសេវាកម្មដូចជា ព្រីន ផ្ញើអីវ៉ាន់ ATM។ល។ លើលពីនេះគេអាចបង់ថ្លៃទឹកភ្លើង និងទិញសំបុត្រទស្សនាកម្មវិធីបាន។”។ ផ្សារម៉ាតក៏ដូចជាហាងមួយចំនួន គឺមានហាងផ្ដល់សេវា 24ម៉ោងជាច្រើន។

 

 

 

 

 

Scroll to Top