តើការងារមើលថែទាំនៅប្រទេសជប៉ុនជាការងារបែបណា?

នៅពេលឮពាក្យថាការងារមើលថែទាំ ប្រហែលជាមានអ្នកខ្លះនឹកឃើញនូវការងារបស់គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យហើយ។ ប៉ុន្តែ តាមពិតទៅ ប្រទេសជប៉ុនកំពុងមានបញ្ហាប្រឈមដោយសារមានមនុស្សចាស់ច្រើន ហើយការងារជាអ្នកមើលថែទាំ ដែលជាការងារខុសពីគិលានុបដ្ឋាយិកា កំពុងក្លាយជាការងារដ៏សំខាន់មួយ។ យើងសូមធ្វើការណែនាំអំពីការងារមើលថែទាំតាមរយៈព័ត៌មាន ដែលទទួលបានពីការស្ទង់មតិ និងការសម្ភាសន៍ជនជាតិបរទេស ដែលធ្លាប់ធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន។

Contents

អ្វីទៅជាការងារមើលថែទាំ?

ការមើលថែទាំ គឺជាការជួយដល់មនុស្សជាពិសេសមនុស្សចាស់ជាដើម ដែលមានពិការផ្លូវកាយ ឬផ្លូវចិត្ត ធ្វើអោយមានការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ដើម្បីអោយអាចរស់នៅបានប្រកបដោយឯករាជ្យភាពជាងមុន។ ឧទាហរណ៍ដូចជា ចំពោះមនុស្សចាស់ជរា ឬជនពិការដែលមានការលំបាកក្នុងការធ្វើដោយខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ គឺធ្វើការផ្ដល់ជំនួយទៅលើសកម្មភាពផ្សេងៗ ដូចជាការបរិភោគអាហារ ការបញ្ចេញចោល ការងូតទឹកជាដើម ដោយតម្រូវទៅតាមកម្រិតនៃអាការៈ និងបរិស្ថាននីមួយៗ។ល។ ទីកន្លែងនៃការងារ គឺមណ្ឌលមើលថែទាំ កន្លែងមើលថែទាំអ្នកមកមណ្ឌល គេហដ្ឋានរបស់អ្នកប្រើប្រាស់ជាដើម។

ខ្លឹមសារសំខាន់ៗនៃការងាររបស់អ្នកមើលថែទាំ គឺដូចខាងក្រោម។
・ការមើលថែទាំនៅពេលបរិភោគអាហារ ការមើលថែទាំពេលងូតទឹក ការមើលថែទាំនៅពេលបញ្ចេញចោល ការមើលថែទាំនៅពេលផ្លាស់ទី ការមើលថែទាំនៅពេលឡើងចុះពីកៅអីរុញ
・ការងារមើលថែទាំលើការងារផ្ទះដូចជាសម្អាតផ្ទះ និងធ្វើម្ហូបជាដើម
・ការងារគ្រប់គ្រងឧបករណ៍សុខុមាលភាព
・ការងារសម្របសម្រួលជាមួយអ្នកជំនាញពាក់ព័ន្ធដូចជាគ្រូពេទ្យ គិលានុបដ្ឋាយិកា។ល។
・ការងារធ្វើផែនការ និងអនុវត្តន៍កម្មវិធីទៅក្រៅ ឬកម្សាន្ត

 

ការងារមើលថែទាំនៅប្រទេសជប៉ុន

នៅប្រទេសជប៉ុននៅពេលចូលធ្វើការ ឬនៅពេលរៀបការរួច កូនៗមានទំនោរចាកចេញទៅរស់នៅផ្សេងពីឪពុកម្ដាយ ហើយនៅពេលចាស់ទៅ ឪពុកម្ដាយភាគច្រើនរស់នៅតែ1នាក់ ឬ2នាក់។ នៅពេលនោះ ក្នុងករណីដែលមានពិការភាពលើរាងកាយ ឬផ្លូវចិត្តណាមួយ គឺមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ បើគ្មានជំនួយ ធ្វើអោយចាំបាច់ត្រូវប្រើប្រាស់សេវាមើលថែទាំ។ ហេតុដូច្នេះហើយ ទើបនៅប្រទេសជប៉ុន ដែលកំពុងក្លាយជាសង្គមដែលមានមនុស្សចាស់ជរាច្រើន មានប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការមើលថែទាំជាច្រើនត្រូវបានរៀបចំឡើងផងដែរ។
លោក Albert Fernandez ជនជាតិហ្វីលីពីនដែលធ្លាប់បានធ្វើការជាអ្នកមើលថែទាំនៅប្រទេសជប៉ុនបានប្រាប់យើងថា “នៅប្រទេសហ្វីលីពីនក៏មានកន្លែងសម្រាប់មនុស្សចាស់ដែរ ប៉ុន្តែមិនហៅថាមណ្ឌលមើលថែទាំឡើយ។ ហើយក៏គ្មានមណ្ឌលមើលថែទាំដូចនៅប្រទេសជប៉ុនដែរ។ គឺគ្រាន់តែជាកន្លែង ដែលមនុស្សចាស់អាចស្នាក់នៅបានតែប៉ុណ្ណោះ។”។ ប្រទេសជប៉ុនដែលអត្រាកំណើតទាប មនុស្សចាស់ជរាច្រើន និងចំនួនគ្រួសារតូចច្រើនកំពុងវិវត្តទៅមុខ ក៏ជាប្រទេសដែលមានសេវាមើលថែទាំឈានមុខគេផងដែរ។ គេអាចប្រមើលមើលបានថា នៅអនាគតប្រទេសផ្សេងៗនៅអាស៊ី ក៏ក្លាយជាសង្គមមានមនុស្សចាស់ច្រើនដែរ ដូច្នេះហើយ វាជាឱកាសល្អក្នុងការរៀននូវបទពិសោធន៍ពីប្រទេសជប៉ុន ដែលឈានមុខក្នុងការងារមើលថែទាំ។

 

ផលល្អនៃការងារមើលថែទាំ

នៅក្នុងការងារមើលថែទាំ គឺត្រូវធ្វើការទំនាក់ទំនងជាមួយមនុស្សចាស់ និងគ្រួសាររបស់គេច្រើន គឺត្រូវការនិយាយច្រើន ទោះជាក្នុងពេលធម្មតាក៏ដោយ។ ផលល្អនៃការងារមើលថែទាំ គឺទទួលបានពាក្យថា៖ “អរគុណ” ជាញឹកញាប់នៅពេលធ្វើការទំនាក់ទំនងបែបនេះ។
នៅពេលដែលយើងសាកសួរទៅអ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ី គាត់បានប្រាប់យើងថា៖ “ពេលដែលខ្ញុំមានអារម្មណ៍ថាបានផលល្អពីការងារ គឺនៅពេលដែលខ្ញុំយល់នូវអ្វីដែលអ្នកស្នាក់នៅមណ្ឌលមើលថែទាំចង់បាន ហើយអាចធ្វើការមើលថែទាំតម្រូវតាមនោះបាន។ ជាពិសេស នៅពេលដែលខ្ញុំបានមើលឃើញនូវស្នាមញញឹមរបស់អ្នកស្នាក់នៅ ដែលខ្ញុំបានមើលថែទាំ ធ្វើអោយមានអារម្មណ៍សប្បាយចិត្តនឹងការងារ។ ខ្ញុំក៏មានទំនាក់ទំនងញឹកញាប់ជាមួយគ្រួសាររបស់អ្នកស្នាក់នៅផងដែរ។ តាមរយៈការសួរនាំអំពីប្រទេសកំណើតឥណ្ឌូនេស៊ីរបស់ខ្ញុំ ពីមូលហេតុដែលខ្ញុំគ្រប Jilbab (ក្រណាត់ដែលស្ត្រីកាន់សាសនាអ៊ីស្លាមគ្របក្បាលនិងត្រចៀក) លើក្បាលជាដើម ធ្វើអោយបង្កើតបាននូវទំនុកចិត្តរវាងគ្នា។”។

 

តើមនុស្សប្រភេទណាស័ក្តិសមជាអ្នកមើលថែទាំ?

មនុស្សដែលចូលចិត្តនិយាយ និងអ្នកដែលយល់ចិត្តរបស់មនុស្សដទៃ ហាក់ដូចជាស័ក្តិសមជាមួយការងារមើលថែទាំ។ ហើយការងារមើលថែទាំក៏ត្រូវការអោយមាន “កម្លាំង” ក្នុងកម្រិតមួយដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ គេធ្វើការប៉ះប៉ូវការខ្វះកម្លាំងតាមរយៈការសិក្សាអំពីរាងកាយមនុស្ស និងការប្រើប្រាស់ម៉ាស៊ីន។ យើងបានសាកសួរទៅជនបរទេស ដែលធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន អំពីលក្ខណៈនៃមនុស្សដែលស័ក្តិសមនឹងការងារមើលថែទាំ ហើយបានទទួលចម្លើយដូចតទៅ៖
・“ដោយសារត្រូវការធ្វើការទំនាក់ទំនងជាមួយអ្នកស្នាក់នៅ មនុស្សដែលចូលចិត្តនិយាយ គឺស័ក្តិសមធ្វើជាអ្នកមើលថែទាំ។ ហើយមនុស្សចិត្តល្អ រួសរាយ និងយល់ចិត្តរបស់អ្នកដទៃប្រហែលជាស័ក្តិសមធ្វើជាអ្នកមើលថែទាំខ្លាំងណាស់។”
・“មនុស្សដែលអាចរីករាយនឹងការងារមើលថែទាំ គឺមនុស្សដែលមានចរិកសុទិដ្ឋិនិយម ហ្មត់ចត់ ឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ និងមានកម្លាំងខ្លាំង។”
・“ការងារមើលថែទាំមានពេលខ្លះត្រូវការប្រើកម្លាំង ប៉ុន្តែបើយើងចេះចាំនូវវិធីប្រើរាងកាយមនុស្ស គឺអាចធ្វើបានដោយងាយ។ ហើយក៏មានម៉ាស៊ីនសម្រាប់ជួយគាំទ្រចលនាផងដែរ នៅពេលដែលយើងចេះប្រើម៉ាស៊ីនទាំងនេះ នោះមិនចាំបាច់ត្រូវការកម្លាំងខ្លាំងក៏បាន។”

 

អាជីពនៃការងារជាអ្នកមើលថែទាំ

ក្នុងករណីដែលធ្វើការជាអ្នកមើលថែទាំ តើអាជីពសម្រាប់អនាគតរបស់គេមានជម្រើសអ្វីខ្លះ? មានអ្នកខ្លះបន្តធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន ដោយមានគោលដៅក្លាយជាអ្នកដឹកនាំក្រុម ហើយមានអ្នកខ្លះ មានគោលដៅយកអោយបាននូវសញ្ញាបត្រទទួលស្គាល់ដោយរដ្ឋ ដូចជាសញ្ញាបត្រ ”អ្នកជំនាញមើលថែទាំ” ។ល។ ហើយក៏មានមនុស្សជាច្រើនចង់ប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N1 អោយជាប់ ហើយធ្វើសកម្មភាពយ៉ាងសកម្មមិនត្រឹមតែក្នុងប្រទេសជប៉ុន ប៉ុន្តែនៅប្រទេសរបស់ខ្លួនទៀតផង។
ក្នុងនោះ ក៏មានអ្នកបម្រុងនឹងចាប់ផ្ដើមអាជីពថ្មីផងដែរ (អ្នកនាង HOANG THI NGOC ANH ជនជាតិវៀតណាម)៖ ”ខ្ញុំបានត្រឡប់ទៅប្រទេសវិញដោយមូលហេតុគ្រួសារ ហើយខ្ញុំចង់បង្រៀននៅប្រទេសរបស់ខ្លួនអំពីការងារមើលថែទាំ និងភាសាជប៉ុនដែលបានរៀននៅប្រទេសជប៉ុន”។

ប្រជាជនជប៉ុនកាន់តែមានអាយុច្រើនឡើង ប៉ុន្តែដោយសារការខ្វះធនធានមនុស្សមើលថែទាំ គឺកំពុងខិតខំបង្កើនចំនួនធនធានមនុស្សមើលថែទាំតាមរយៈការផ្ដួចផ្ដើមផ្សេងៗ។ នៅក្នុងនោះដែរ ក៏កំពុងរៀបចំអោយជនបរទេសអាចមកធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន ដោយគ្មានការបារម្ភផងដែរ[1] ។ វាគឺជាការល្អណាស់ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ខ្លះ លើការងារមើលថែទាំនៅប្រទេសជប៉ុន។

[1] 厚生労働省「福祉・介護人材の確保に向けた 取組について」Ministry of Health, Labour and Welfare “Efforts to Secure Personnel in Nursing Care”

 

 

 

Scroll to Top