ខ្ញុំឈ្មោះ វង្ស មាលា។
・ប្រទសកំណើត: កម្ពុជា
・កាលបរិច្ឆេទមកដល់ជប៉ុន: ឆ្នាំ ២០១៥
・សញ្ញាបត្រ: អ្នកជំនាញមើលថែទាំ
・ជំនាញភាសាជប៉ុន: N2
ខ្ញុំឈ្មោះ មឿន ស្រីពៅ
・ប្រទេសៈកម្ពុជា
・ឆ្នាំមកដល់ជប៉ុនៈ 2020
・គុណវឌ្ឍិៈ ពលករជំនាញ
・សមត្ថភាពភាសាជប៉ុនៈ N4
ខ្ញុំឈ្មោះ រី សុភាព
・ប្រទេសៈកម្ពុជា
・ឆ្នាំមកដល់ជប៉ុនៈ 2020
・គុណវឌ្ឍិៈពលករជំនាញ
・សមត្ថភាពភាសាជប៉ុនៈ N3
Interview
【មឿន ស្រីពៅ】មូលហេតុដែលខ្ញុំមកប្រទេសជប៉ុនគឺដោយសារខ្ញុំចង់ធ្វើការនៅប្រទេសជប៉ុន ដោយយកបទពិសោធន៍ផ្នែកថែទាំនៅប្រទេសជប៉ុន។ ព្រមទាំងខ្ញុំចង់ដឹងពីជីវភាពរស់នៅរបស់ជនជាតិជប៉ុន។
【រី សុភាព】មូលហេតុដែលខ្ញុំមកប្រទេសជប៉ុន ដោយសារខ្ញុំស្រឡាញ់ និងចូលចិត្តប្រទេសជប៉ុន ព្រោះជាប្រទេសស្អាត។ មួយវិញទៀត ខ្ញុំចង់បានបទពិសោធន៍ផ្សេងៗជាច្រើន។
【មឿន ស្រីពៅ】មូលហេតុដែលខ្ញុំចាប់អារម្មណ៍ផ្នែកថែទាំនៅប្រទេសជប៉ុន ព្រោះខ្ញុំស្រឡាញ់មនុស្សចាស់ជរា ហើយចង់ជួយជីវិតពួកគាត់ដល់ដំណាក់កាលចុងក្រោយ។
【រី សុភាព】គោលបំណងដែលខ្ញុំមកទីនេះ គឺខ្ញុំចង់ក្លាយជាអ្នកថែទាំ ដែលជាចំនាប់អារម្មណ៍របស់ខ្ញុំ។ ពីព្រោះយើងនឹងផ្តល់ជំនួយដល់គាត់កន្លែងណាដែលគាត់មិនអាចធ្វើបាន។
【មឿន ស្រីពៅ】ភាពដែលសប្បាយ និងផ្តល់កំលាំងចិត្តដល់ខ្ញុំគឺថា ចាស់ជរាទាំងនោះពួកគាត់សុខសប្បាយ ជាពិសេសពេលដែលខ្ញុំលេងជាមួយពួកគាត់ ពួកគាត់តែងលេងសើចដាក់ខ្ញុំវិញ ហើយលើកទឹកចិត្តខ្ញុំ។
【រី សុភាព】ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានធ្វើការជាអ្នកថែទាំ។ បន្ទាប់ពីធ្វើការបានកន្លះឆ្នាំរួចមក ខ្ញុំអាចនិយាយភាសាជប៉ុនជាមួយគាត់ដោយរលូន ល្អ ពេលនោះខ្ញុំសប្បាយចិត្តមែនទែន។
【រី សុភាព】មណ្ឌលដែលខ្ញុំធ្វើការនេះមានចំនុចល្អច្រើន តែអ្វីដែលសំខាន់គឺបុគ្គលិកនៅទីនេះរួសរាយរាក់ទាក់ ពេលយើងឆ្ងល់ហើយសួរគេ គេតែងតែប្រាប់មកយើងវិញដើម្បីល្អ។
【មឿន ស្រីពៅ】តំបន់ខ្ញុំរស់នៅនេះគ្មានរញ្ជួយដីទេ ហើយមានចំការដែលគេអនុញ្ញាតិអោយយើងដាំបន្លែហូបបាន ដូច្នេះខ្ញុំមិនសូវចំណាយលុយលើការទិញបន្លែទេ ទិញតែសាច់បានហើយ។
【រី សុភាព】អនុស្សាវរីយ៍ដែលខ្ញុំមាននៅទីនេះគឺការចូលត្រាំទឹកក្តៅ។ ពេលបានចូលត្រាំទឹកក្តៅ មានអារម្មណ៍ល្អ។
【មឿន ស្រីពៅ】អ្វីដែលខ្ញុំរំភើបគឺពេលខ្ញុំលេងជាមួយចាស់ជរា និងពេលឃើញពួកគាត់មានសុខភាពល្អ ជាពិសេសជនជាតិជប៉ុនចិត្តល្អតែងជួយយកអាសារយើង។
【រី សុភាព】ភាពលំបាករបស់ខ្ញុំគឺពេលដែលជួយបំលាស់ទីគាត់ពីកៅអីមួយទៅកៅអីមួយទៀត។ តែបើចេះបច្ចេកទេសគ្រប់គ្រាន់មិនសូវពិបាកទេ។
【មឿន ស្រីពៅ】ពួកគាត់តែងសរសើរមកកាន់ខ្ញុំថា ខ្ញុំចំណាប់ណាស់ ខ្ញុំពូកែណាស់ ខ្ញុំហ្នឹងស្អាតណាស់ ។
【មឿន ស្រីពៅ】គោលបំណង និងក្តីស្រម៉ៃរបស់ខ្ញុំគឺបន្ទាប់បានរស់នៅជប៉ុន ក្នុងរវាង៣ទៅ៥ឆ្នាំ គឺខ្ញុំត្រូវតែប្រឡងអោយជាប់សញ្ញាបត្រN2 ហើយត្រឡប់ទៅប្រទេសកំនើតវិញក្នុងនាមជាបុគ្គលជោគជ័យម្នាក់ ឬអាចថាមានលទ្ឋភាពបង្កើតក្រុមហ៊ុនដោយខ្លួនឯង។
【រី សុភាព】ព្រោះតែខ្ញុំស្រឡាញ់ការងារថែទាំ ខ្ញុំមានបំណងប្រឡងយកសញ្ញាបត្រជំនាញថែទាំដើម្បីអភិវឌ្ឍន៍ខ្លួនឯងអោយកាន់តែពូកែ។
【មឿន ស្រីពៅ】ខ្ញុំចង់ប្រាប់ទៅកាន់អ្នកដែលប្រុងមកធ្វើការផ្នែកថែទាំថា អ្វីដែលយើងលឺគេថាអាចខុសពីការងារដែលយើងធ្វើផ្ទាល់ ព្រោះអត់មានបញ្ហាអ្វីទេ ដោយសារដែលយើងរៀននៅសាលាគឺដូចគ្នាទៅនឹងការអនុវត្តិផ្ទាល់។
【រី សុភាព】អ្វីដែលខ្ញុំចង់ផ្តាំមានដូចជា ទី១ត្រូវរៀនពាក្យបច្ចេកទេស ដើម្បីងាយស្រួលសំរាប់ការងាររបស់យើង។ ទី២ ព្យាយាមហ្វឹកហាត់ និងមើលវីដេអូអោយបានច្រើនជាពិសេសត្រង់ការអនុវត្តិជាក់ស្តែង។
【រី សុភាព】កាលនៅសាលា ពេលថ្ងៃខ្ញុំរៀនផ្នែកថែទាំ៤ម៉ោង ហើយពេលព្រឹក៤ម៉ោង ខ្ញុំត្រូវរៀន ភាសាជប៉ុន ពាក្យ ហើយល្ងាចឡើងខ្ញុំអនុវត្តិ។ សំខាន់ជាងគេគឺពាក្យបច្ចេកទេស និងការអនុវត្តិ។
【មឿន ស្រីពៅ】យើងធ្វើការបណ្តើរឆ្លៀតរៀនបណ្តើរ វាជាការល្អ។ ខ្ញុំវិញតែងតែរៀនរៀងរាល់ថ្ងៃប្រហែលជា១ម៉ោង ព្រោះខ្ញុំចង់ប្រឡងទៀត។ ហើយពេលសំរាកពីការងារខ្ញុំរៀនបានច្រើន។
【រី សុភាព】ក្នុងភាសាជប៉ុនដែលពិបាកគឺកាន់ជិ ព្រោះនៅទីនេះអក្សរហ៊ីរ៉ាហ្កណាមិនសូវមានទេ គឺសុទ្ឋតែកាន់ជិ។
【មឿន ស្រីពៅ】ដើម្បីអោយភាសាជប៉ុនពូកែលឿន គឺមើលទូរទស្សន៍ ប្រាស្រ័យទាក់ទងនឹងបុគ្គលិក ហើយស្តាប់អោយបានច្រើន។ ពេលនោះភាសាជប៉ុនយើងនឹងមានភាពរលូន។
【មឿន ស្រីពៅ】នៅសាលាគឺយើងត្រូវរៀន៨ម៉ោង ហើយត្រូវឆ្លៀតពេលរៀននៅផ្ទះខ្លួនឯងបន្តរទៀត។ ចំពោះខ្ញុំ ខ្ញុំមិនដែលទៅណាទេ ហើយបើទៅញុំាបាយក៍ខ្ញុំឆ្លៀតរៀនភាសាជប៉ុនក្នុងទូរស័ព្ទដៃដែរ។ ពេលក្រោកពីដំនេកនាពេលព្រឹក ខ្ញុំតែងទន្ទេញ៥០ ពាក្យ និងរៀនទុកអោយហើយមុនពេលទៅសាលា និងរំលឹកមេរៀនពេលមកផ្ទះវិញ។
【រី សុភាព】ខ្ញុំរៀនចាប់ពី៤ម៉ោងឡើងទៅ។ ហើយខ្ញុំផ្តោតសំខាន់លើពាក្យបច្ចេកទេសប្រហែលជា១ម៉ោងទៅ២ម៉ោង វេយ្យាករណ៍១ម៉ោង និងពាក្យ២ម៉ោង និងការស្តាប់ ១ម៉ោង។
【រី សុភាព】ខ្ញុំត្រូវការរយៈពេល១ឆ្នាំទើបប្រឡងជាប់ទាំងជំនាញ និងភាសាជប៉ុន ហើយកំរិតភាសាជប៉ុនពេលនេះគឺN4។
【មឿន ស្រីពៅ】ពេលសំរាកពីការងារខ្ញុំសំអាតផ្ទះ បោកមុងភួយ ដើរលេងតិចតួច ហើយដេកយកកម្លាំង១ទៅ២ម៉ោង។ ដោយសារខ្ញុំដាំបន្លែ ខ្ញុំត្រូវបោចស្មៅ និងស្រោចទឹកដំនាំ។
【រី សុភាព】ពេលទំនេរពីការងារ ខ្ញុំដេកនៅផ្ទះ ខ្ញុំដើរលេងជិតផ្ទះ ទៅនិង ហាត់ប្រាណនៅកន្លែងហាត់កាយសម្ព័ន្ឋ។
【មឿន ស្រីពៅ】អ្វីដែលខ្ញុំចូលចិត្តគឺ មីសុស៊ីរឹ ដែលស្រដៀងគ្នានឹងសម្លរខ្មែរដែលយើងអាចដាក់បន្លែចូលបាន។ មួយទៀតគឺត្រីសាម៉ុង ព្រោះវាមានរស់ជាតិផ្អែមឆ្ងាញ់។
【រី សុភាព】ខ្ញុំចូលចិត្តស៊ុស៊ីដែលជាប្រភេទត្រីឆៅ និងស៊ុបជប៉ុន ស៊ុគិយ៉ាគី។
【មឿន ស្រីពៅ】ដោយសារខ្ញុំមកធ្វើការនៅហុកកៃដូ កន្លែងដែលស្រស់ស្អាតគឺ កន្លែងជិះស្គី ដែលមានព្រិល ស ស្រស់ស្អាត។ ហើយឥឡូវនេះ ផ្កាក៍ស្អាតដែរ ព្រោះថាអ្នកនៅតំបន់នេះចូលចិត្តដាំផ្កានៅមុខផ្ទះ។
【រី សុភាព】កន្លែងដែលស្អាតជាងគេនៅហុកកៃដូ ខ្ញុំមិនទាន់ដឹងឡើយ។ ដោយសារមេរោគកូរ៉ូណា ទើបខ្ញុំមិនសូវបានដើរលេងទេ។
【មឿន ស្រីពៅ】សំរាប់អ្នកដែលចង់មកធ្វើការ គឺជាការសំរេចចិត្តមិនខុសឡើយ។ សូមកុំគិតថាហុកកៃដូជាតំបន់ត្រជាក់ខ្លាំងអី ទោះជារងារមែន តែយើងមានខោអាវក្រាស់ៗ បែបជប៉ុនសំរាប់ពាក់ ហើយយើងមិនមែនធ្វើការនៅខាងក្រៅ ហាលព្រិលទេគឺយើងធ្វើការនៅក្នុងមណ្ឌលដែលកក់ក្តៅ ដូច្នេះគ្មានបញ្ហាអ្វីទេ។ តែសំខាន់គឺយើងខំរៀនផ្នែកថែទាំមនុស្សចាស់ និងភាសាជប៉ុន ព្រោះថាពេលដែលយើងនិយាយ ស្តាប់គេបានដោយរលូននោះជាការល្អប្រសើរហើយ។
【រី សុភាព】ចង់អោយអ្នកទាំងអស់គ្នារៀនភាសា ពាក្យបច្ចេកទេស និងជំនាញថែទាំ។ ដោយសារប្រទេសជប៉ុនល្អ ហើយស្អាត ប្រជាជនជប៉ុនចិត្តល្អ សូមកុំបារម្ភអី។ ហើយខំប្រឹងប្រែងទាំងអស់គ្នា។